(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល នឹងផ្សព្វផ្សាយពីសក្តានុ និង ឱកាសការវិនិយោគ ដើម្បីទាក់ទាញវិនិយោគិនបរទេសមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ក្នុងអំឡុងពេលបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសស្វីស នៅក្នុងសប្ដាហ៍នេះ។ លោករដ្ឋមន្រ្តី ក៏នឹងប្រឹងប្រែងជំរុញឲ្យប្រទេសកម្ពុជា បានធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នាឆ្នាំក្រោយនេះ។

នៅប្រទេសស្វ៊ីស លោក ស៊ុន ចាន់ថុល នឹងជួបជាមួយថ្នាក់ដឹកនាំធុរកិច្ច និង នយោបាយនានា ក្នុងកិច្ចប្រជុំកំពូលក្រុងដាវូស ដែលជាកិច្ចប្រជុំធំប្រចាំឆ្នាំ របស់វេទិកាសេដ្ឋកិច្ចពិភពលោក។
ប្រទេសកម្ពុជា កំពុងតែព្យាយាមធ្វើយ៉ាងណា ឲ្យការចូលរួមរបស់ខ្លួនក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក មានលក្ខណៈកាន់តែស៊ីជម្រៅថែមទៀត ដោយក្នុងនោះ គណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលកាលពីពេលថ្មីៗនៅឯប្រទេសស្វ៊ីស និង នៅឯប្រទេសឥណ្ឌូនេស៊ី ហើយបានផ្ដល់សារយ៉ាងច្បាស់ថា «កម្ពុជាបើកទ្វារសម្រាប់ការធ្វើពាណិជ្ជកម្ម»

កាលពីចុងឆ្នាំមុនទៀតសោត Grow Asia ដែលជាគំនិតផ្ដួចផ្ដើមរបស់វេទិកាសេដ្ឋកិច្ចពិភពលោក ហើយមានគោលបំណងលើកកម្ពស់សេដ្ឋកិច្ចជនបទ បានប្រកាសថា នឹងបើកលេខាធិការដ្ឋាន​ប្រចាំក្រុងភ្នំពេញ ។ ការប្រកាសនេះ គឺជាសញ្ញាបង្ហាញថា ទំនាក់ទំនងរវាងកម្ពុជា និង វេទិកាសេដ្ឋកិច្ចពិភពលោក កំពុងតែរីកលូតលាស់។

នៅមុនពេលធ្វើទស្សនកិច្ច​ទៅកាន់ប្រទេសស្វ៊ីស លោក ស៊ុន ចាន់ថុល បានថ្លែងថា «វេទិកាសេដ្ឋកិច្ចពិភពលោក និ ងគំនិតផ្ដួចផ្ដើមនានា ដូចជា Grow Asia ជាដើមបានផ្ដល់ឱកាស​ដល់យើងខ្ញុំ ក្នុងការរៀបចំឲ្យកម្ពុជាស្ថិតនៅកំពូលតារាងសម្រាប់ថ្នាក់​ដឹកនាំធុរកិច្ចនិង​នយោបាយយកទៅគិតគូ​ពិចារណា»

លោកទេសរដ្ឋមន្រ្តី បានថ្លែងបន្តទៀតថា «ចាំបាច់យើងត្រូវធ្វើឲ្យថ្នាក់ដឹកនាំធុរកិច្ច និងនយោបាយនានាបានដឹងពីអត្ថប្រយោជន៍ក្នុងការមកធ្វើអាជីវកម្មនៅកម្ពុជា សម្រាប់ក្រុមហ៊ុនរបស់ពួកគេ ក៏ដូចជាប្រទេសរបស់គ ។ ការបង្កើត Grow Asia គឺជាការបោះជំហានដំបូងដ៏ធំ ហើយនឹងជួយជ្រោមជ្រែងដល់វិស័យកសិកម្មរបស់កម្ពុជាយើង»

ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសស្វ៊ីស លោកទេសរដ្ឋមន្ត្រី នឹងជួបប្រជុំដាច់ដោយឡែកជាមួយនឹងបណ្ដាក្រុមហ៊ុនធំៗរបស់ស្វ៊ីស ដែលកិច្ចប្រជុំទាំងនោះត្រូវបានរៀបចំ​ដោយសភាពាណិជ្ជកម្ម​អន្តរជាតិកម្ពុជា (IBC) ។

កិច្ចប្រជុំទាំងនោះ គឺជាមួយនឹងប្រធានក្រុមហ៊ុនសូកូឡា Lindt នាយកគ្រប់គ្រងជាន់ខ្ពស់​មកពីក្រុមហ៊ុនកូកា-កូឡា និងក្រុមហ៊ុន Gate Gourmet ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ម្ហូបអាហារតាមយន្តហោះ ឈានមុខគេលើ​ពិភពលោក និងជាមួយនឹងអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Stadler Rail ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនរថភ្លើង និងរថយន្តឈានមុខគេ ។

លោក Pierre Tami ដែលជាសមាជិកក្រុមប្រឹក្សានាយករបស់IBC និងជាសហគ្រិនផ្នែកសង្គម របស់វេទិកាសេដ្ឋកិច្ចពិភពលោក បានថ្លែងថា «យើងបានរៀបចំកិច្ចប្រជុំទាំងអស់នេះ ដើម្បីបង្ហាញ​ឲ្យគេស្គាល់​​ឯកឧត្តមទេសរដ្ឋមន្ត្រីឲ្យបានកាន់តែច្រើនតាមដែលអាចធ្វើបាន ព្រោះឯកឧត្តម គឺជាតំណាងឲ្យពាណិជ្ជកម្ម និងវិស័យធុរកិច្ចនៅកម្ពុជា»

កិច្ចប្រជុំសំខាន់មួយទៀត គឺជាមួយនឹងនាយកវេទិកាសេដ្ឋកិច្ចពិភពលោក គឺបណ្ឌិត Philip Rössler ដែលធ្លាប់បានបង្ហាញការចាប់អារម្មណ៍ខ្លាំងរួចមកហើយក្នុងការមករៀបចំ កិច្ចប្រជុំអាស៊ី​បូព៌ា (ឬហៅម្យ៉ាងទៀតថា កិច្ចប្រជុំក្រុងដាវ៉ូសអាស៊ី) នៅកម្ពុជានៅឆ្នាំក្រោយៗ នៅពេលដែលលោកបានមកទស្សនកិច្ចនៅកម្ពុជាកាលពីចុងឆ្នាំមុន និងបានជួបជាមួយនឹងសម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលផងដែរ៕