(ភ្នំពេញ)៖ លោក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានថ្លែងថា ពេលនេះក្រសួងពាក់ព័ន្ធ បានបញ្ចប់ការធ្វើសេចក្តីព្រាងវិសោធនកម្ម ច្បាប់ចរាចរណ៍ផ្លូវគោកហើយ ដោយមានការកែប្រែឡើងវិញ ចំនួន៥មាត្រា។

មាត្រាចំនួន៥នោះរួមមាន មាត្រា៨ មាត្រាទី៤០ មាត្រា៤១ មាត្រា៤៨ និងមាត្រា៩០ នៃច្បាប់ចរាចរណ៍ផ្លូវគោក ។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅក្រសួងមហាផ្ទៃ នាល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ លោក ហ៊ឹម យ៉ាន បានបញ្ជាក់ថា ពេលនេះក្រសួងពាក់ព័ន្ធដែលជា ក្រុមការងារសម្រាប់រៀបចំវិសោធនកម្មច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក បានបញ្ចប់ការកែសម្រួល ច្បាប់ចរាចរណ៍ហើយ ដោយត្រៀមនឹងដាក់បញ្ចូនទៅគណៈរដ្ឋមន្រ្តីដើម្បីអនុម័ត។ ទោះជាយ៉ាងណា លោកមិនទាន់ដឹងពីការកំណត់ពេលបញ្ចូលទៅគណៈរដ្ឋមន្រ្តី នៅឡើយទេ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ កន្លងទៅ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្កើតក្រុមការងារសម្រាប់រៀបចំវិសោធនកម្មច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកផ្លូវ ដែលប្រជាពលរដ្ឋមានប្រតិកម្ម បន្ទាប់ពីអនុវត្តបានប៉ុន្មានថ្ងៃ។

លោក ហ៊ឹម យ៉ាន បាននិយាយថា សម្រាប់ការធ្វើសេចក្តីព្រាងវិសោធនកម្មនេះ ក្រុមការងារអន្តរក្រសួងបានលុបចោលនូវបញ្ញតិដែលតម្រូវ ឱ្យធ្វើបណ្ណបើកបរម៉ូតូប្រភេទ«ក១» ដោយទុកតែប្រភេទ«ក» ដែលមានកម្លាំងលើសពី១២៥CC ឡើងទៅប៉ុណ្ណោះ។ ក្រៅពីនោះមានការកែសម្រួលទៅលើការពាក់ខ្សែក្រវ៉ាត់ផ្នែកខាងក្រោយ គឺអនុវត្តនៅ៥ឆ្នាំទៀត និងការផ្ទេរកម្មសិទ្ធិយានយន្តជាដើម៕