(ភ្នំពេញ)៖ នៅ​ថ្ងៃ​ទី២១ ខែ​មករា ឆ្នាំ​២០១៦ម្សិលមិញ​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​ចំនួន៨​លើក (យប់៤​លើក) បណ្តាលឲ្យ​មនុស្ស​ស្លាប់២​នាក់ (ស្រី១នាក់) របួសធ្ងន់៩​នាក់ (ស្រី៣នាក់​) របួសស្រាល៩នាក់ (ស្រី៣​នាក់) និង​មិន​ពាក់មួក​ ពេល​គ្រោះ​ថ្នាក់​មាន៥​នាក់ នេះបើតាមការចុះផ្សាយរបស់ គេហទំព័រអគ្គស្នងការនគរបាលជាតិ​។​

​ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៨លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១១គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៦​គ្រឿង រថយន្ត​ធុន​តូច ៥​គ្រឿង និងថ្មើរជើង ២នាក់ផងដែរ ហើយ​មូលហេតុ​ដែល​បណ្តាលឲ្យ ​មាន​គ្រោះថ្នាក់​រួម​មាន ៖ ល្មើស​ល្បឿន៤​លើក បត់គ្រោះថ្នាក់២លើក និងប្រជែងគ្រោះថ្នាក់២លើក ដោយឡែក​យាន​ល្មើស​ សរុប​ទូទាំង​ប្រទេស​មាន ៧៣២២គ្រឿង បាន​ធ្វើ​ការអប់រំ​មាន៣៣០៣គ្រឿង និង​ពិន័យ​សរុប២៩៦៨គ្រឿង និង​ពុំមានឃាត់​យាន​ទុកនោះទេ​​៕