(កំពង់ធំ)៖ សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា មានឃាតកម្មដ៏សាហាវមួយ បានកើតឡើងនៅក្នុង ភូមិទំអរ ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដោយប្តីចិត្តកំណាចម្នាក់ បានយកពូថៅ កាប់ប្រពន្ធ និងម្តាយក្មេករបស់គេ ស្លាប់ក្នុងថ្លុកឈាម យ៉ាងណោចអាធម័ នៅនឹងផ្ទះកន្លែងកើតហេតុ។

ហេតុការណ៍ដ៏សាហាវឃោឃៅនេះ បានកើតឡើងនៅម៉ោង ៧៖៣០នាទីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ ដោយជនសង្ស័យឈ្មោះ ហ៊ន ប៊ុនធាង អាយុ២៧ឆ្នាំ ត្រូវជាប្តី បានយកពូថៅ
កាប់លើប្រពន្ធឈ្មោះ ឈិន ស្រីទុំ អាយុ២៥ឆ្នាំ និងម្តាយក្មេក ឈ្មោះ យឹម សារឿន អាយុ៥៨ឆ្នាំ បណ្តាលស្លាប់ទាំង២នាក់។

សមត្ថកិច្ចបានឲ្យដឹងទៀតថា អ្នកទាំង៣ នៅភូមិកើតហេតុខាងលើ និងមានមុខរបរស៊ីឈ្នួលដាំ និងធ្វើស្មៅដំឡូងឲ្យគេ ហើយមូលហេតុដែលនាំឲ្យកើតការកាប់សម្លាប់នេះឡើង ដោយសារប្តីចិត្តកំណាចនោះ ស្រវឹងស្រា។

បច្ចុប្បន្នជនសង្ស័យបានរត់គេចខ្លួន ហើយកម្លាំងសមត្ថកិច្ច បានតាមស្វែងរកចាប់ខ្លួនជនសង្ស័យពេញមួយយប់ និងកំពុងបន្តស្រាវជ្រាវបន្តទៀត៕