(ភ្នំពេញ)៖ ឪពុកម្តាយ និងសាច់ញាតិជាច្រើននាក់ កំពុងតែភ័យស្លន់ស្លោយ៉ាងខ្លាំងហើយរត់ទៅពឹងសមត្ថកិច្ចឲ្យជួយ អន្តរាគមន៍តាម ស្វែងរកក្រោយពេលដែលស្រ្តីអ្នកបម្រើម្នាក់ បានលួចយកកូនស្រីរបស់ខ្លួន អាយុទើបតែ៩ខែ ចេញពីផ្ទះ ស្ថិតនៅផ្ទះលេខ៤ ផ្លូវលេខ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណជាង៥ទាបភ្លឺ ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ ។

ក្រុមគ្រួសារ និងឪពុកម្តាយក្មេងស្រីរងគ្រោះ បានដាក់ការសន្និដ្ឋានថា ស្រ្តីអ្នកបម្រើរូបនេះ អាចយកកូនស្រី ជាទីស្រឡាញ់របស់ខ្លួន ទៅកាន់ប្រទេសថៃ។

លោក នូ ដារ៉ា អាយុ៣៨ឆ្នាំ ត្រូវជាពូរបស់ក្មេងស្រីតូច បានប្រាប់អង្គភាព Fresh News ទាំងអារម្មណ៍តក់ស្លុកថាស្រ្តីបម្រើដែល លួចក្មួយស្រីរបស់គាត់នោះមានឈ្មោះ ជាតិ និមល អាយុ២៤ឆ្នាំ ។

លោកបានបញ្ជាក់ថា ស្រ្តីរូបនេះក៏ជាសាច់ញាតិផងដែរ ប៉ុន្តែមួយរយ:ចុងក្រោយនេះ នាងបានធ្វើលិខិតឆ្លងដែននិងមានអ្នកនៅ ប្រទេសថៃ តេមកស្ទើររាល់ថ្ងៃ ដូច្នេះស្រ្តីរូបនេះ អាចចេញទៅប្រទេសថៃ ដោយយកក្មួយរបស់គាត់ទៅជាមួយ ខណៈឪពុកម្តាយ របស់នាងដែលមានកូនលើកដំបូង ទន់ដៃទន់ជើងអស់ហើយ រកធ្វើអ្វីមិនកើតទេ ។

ឪពុកមារូបនេះ សូមអំពាវនាវដល់កម្លាំងសមត្ថកិច្ច គ្រប់គោលដៅ ទាំងរាជធានីភ្នុំពេញ និងតាមបណ្តាខេត្ត ជួយទប់ស្កាត់ និងជួយអន្តរាគមន៌ផង បើសិនឃើញពួកគេ ដូចបង្ហាញរូបភាព នៅក្នុងសារព័ត៌មាន Fresh News ៕