(កំពង់ធំ)៖ សេចក្តីរាយការណ៍ព័ត៌មានពីភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ធំ បានឲ្យដឹងថា ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងដោយប្រជាពលរដ្ឋ រស់នៅភូមិយាយទៀង និងភូមិចាស់ ឃុំបល្ល័ង ស្រុកបារាយណ៍ ខេត្តកំពង់ ប្រទះឃើញសាកសពយុវជនម្នាក់ ដេកស្លាប់ផ្កាប់មុខ នៅកណ្តាលវាលស្រែ ខាងលិចភូមិ។

សេចក្តីរាយការណ៍បន្តថា ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៦៖៣០នាទី ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ បន្ទាប់ពីឃើញជនគ្រោះដូចនេះ ប្រជាពលរដ្ឋបានមករាយការណ៍ ជូនប៉ុស្តិ៍រដ្ឋបាលឃុំបល្ល័ង្គ និងអាវុធហត្ថស្រុកបារាយណ៍ ដើម្បីពិនិត្យ និងធ្វើកោសល្យបច្ច័យ។ ក្រោយពីសមត្ថកិច្ច ធ្វើកោសល្យបច្ច័យរួច រកឃើញថាករណីនេះជាអំពើឃាតកម្ម គឺឃាតក បានវាយជនរងគ្រោះនឹងដុំថ្មបែកក្បាលស្លាប់។

តាមសម្តីអ្នកភូមិបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ុយ រី ភេទប្រុសអាយុ១៦ឆ្នាំ រស់នៅភូមិយាយទៀង ឃុំបល្ល័ង្គ ស្រុកបារាយណ៍។ បច្ចុប្បន្នកម្លាំងនគរបាល និងអាវុធហត្ថស្រុកបារាយណ៍ បាននឹងកំពុងធ្វើការស្រាវជ្រាវស៉ើបអង្កេត ដើម្បីយកឃាតក មកផ្តន្ទាទោសទៅតាមច្បាប់។ ចំណែកសាកសពជនរងគ្រោះ សម្ថកិច្ចប្រគល់ឲ្យឪពុកម្តាយ យកទៅធ្វើបុណ្យតាមប្រពៃណី។

សូមជម្រាបថា នៅខេត្តកំពង់ធំ ស្ថិតនៅក្នុងស្រុកសណ្តាន់ នៅយប់មិញនេះ កើតមានអំពើឃាតកម្ម ដោយប្តីចិត្តកំណាចស្រវឹងស្រា បានយកពូថៅកាប់សម្លាប់ប្រពន្ធ និងម្តាយក្មេក ស្លាប់យ៉ាងអាណោចអាធម័ផងដែរ៕