(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អ៊ុក រ៉ាប៊ុន បានបញ្ជាក់ឲ្យដឹងថា គិតមកត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ ការប្រមូលផលស្រូវរដូវវស្សាឆ្នាំ២០១៥ របស់ប្រជាកសិករកម្ពុជា សម្រេចបានទិន្នផលចំនួនជាង ៧លានតោន កើនលើសពីឆ្នាំមុន ជាង៤ម៉ឺនតោន, នេះរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម ផ្ញើជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលអង្គភាព Fresh News ទទួលទើបទទួលបាននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ។

របាយការណ៍របស់លោករដ្ឋមន្ត្រីកសិកម្ម បានឲ្យដឹងថា នៅឆ្នាំ២០១៥ ផ្ទៃដីដាំដុះដំណាំស្រូវវស្សា សរុបមានចំនួន២ ៥៦១,៩៥៧ ហិកតា ហើយគិតមកដល់សប្តាហ៍នេះ សម្រេចប្រមូលផល បានលើផ្ទៃដីចំនួន ២,៥៣០,១១៨ ហិកតាដោយទទួលបាន បរិមាណផលសរុប ចំនួន៧,០៥៣,៨៨៨តោន លើសពីឆ្នាំចំនួន៤៣,២៨៨តោន ដែលទិន្នផលជាមធ្យម២,៧៨តោនក្នុង១ហិកតា។

លោករដ្ឋមន្ត្រីបានឲ្យដឹងទៀតថា ចំពោះការធ្វើស្រែប្រាំង និងស្រូវប្រដេញទឹក របស់ប្រជាកសិករ គឺកំពុងមមាញឹកនិងបានប្រមូលផល ជាបណ្តើរៗ។ បើទោះបីជាជួបប្រទះគ្រោះរងស្ងួត នៅកណ្តាលរដូវវស្សាក៏ដោយ ក៏ការងារបង្កបង្កើនផលស្រូវប្រាំង ឆ្នាំនេះសម្រេចបានចំនួន ៤៧៣,៣៦៥ហិកតា ដែលស្នើនឹង១១៣,៤៣ភាគរយ នៃផែនការចំនួន ៤១៧ ៣២៥ហិកតា លឿនជាងឆ្នាំមុន បើធៀបនឹងរយៈពេលដូចគ្នា។

ព័ត៌មានលំអិតសូមអានរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម ផ្ញើជូនសម្តេចតេជោ នាយករដ្ឋមន្ត្រីទាំងស្រុង៖