(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់សាលាខេត្តកំពង់ឆ្នាំងម្នាក់ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០១៦ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសកំបាំងមុខ និងដាក់គុកកំណត់០២ឆ្នាំ ០៦ខែ ពិន័យជាប្រាក់ចំនួន៧លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ និងបង្គាប់ឲ្យគាត់ សងប្រាក់ ១២០០០ដុល្លារទៀត។ តុលាការក៏បានចេញដីកា បង្គាប់ឲ្យតាមចាប់ខ្លួនគាត់ ដើម្បីយកមកផ្តន្ទាទោស តាមអំណាច នៃសាល​ក្រមនេះ​ផងដែរ។

លោក ជួន សុរាសី ជាចៅក្រមជំនុំជម្រះ នៃ សាលាបូងរាជធានីភ្នំពេញបានថ្លែងឲ្យថា៖ ជនជាប់ចោទរូបនេះ មានឈ្មោះ នូ ណារ៉ុង ភេទប្រុស អាយុ ៤៨ឆ្នាំ មានមុខរបរជាមន្ត្រី នៃ សាលាខេត្តកំពង់ឆ្នាំង។ ឈ្មោះ នូ ណារ៉ុង ត្រូវបានជាប់ចោទពី បទ«មិនបំពេញ​កាតព្វកិច្ចចំពោះឧបករណ៍ អាចជួញដូរបាន» តាមបញ្ញាតមាត្រា ២១៣ នៃច្បាប់ស្តីពី ឧបរណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។ ជនជាប់ចោទ​រូបនេះ ស្ថិតនៅក្រៅឃុំ តែដាក់ឲ្យ ស្ថិត នៅក្រោមការត្រួតពិនិត្យពីតុលាការ។

ចំណែកឯភាគីដើមបណ្តឹងនៅក្នុងរឿងក្តីនេះ មានឈ្មោះ ង៉ែត ចំរើន ភេទប្រុស អាយុ៣៨ ឆ្នាំ ជាម្ចាស់ក្រុមហ៊ុន PGS៕