(ភ្នំពេញ)៖ ស្នងការនគរបាល ខេត្តកំពត លោកឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់អង្គភាព Fresh News ថា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ ជនសង្ស័យជាឃាតកម្នាក់ទៀត ត្រូវបាន​កម្លាំង​នគរបាលរបស់លោក សហការជាមួយនគរបាលខណ្ឌជ្រោយចង្វារ តាមចាប់ខ្លួន ពាក់ព័ន្ធករណីឃាតកម្មរំ​លោភរួចសម្លាប់​ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ នៅស្រុកឈូក ខេត្តកំពត ។

លោកឧត្តមសេនីយ៍​ស្នងការខេត្តកំពត បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ទូច ចន្ថា ហៅទុយ អាយុ១៨ឆ្នាំ កំណើតភូមិត្រពាំងគុយ ឃុំល្បើក ស្រុកឈូក ខេត្តកំពត ហើយត្រូវចាប់ខ្លួននៅកន្លែង​ធ្វើសំណង់ក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ការចាប់ខ្លួនជនសង្ស័យរូបនេះ បានធ្វើឡើងក្រោយពេល​ដែលជនសង្ស័យម្នាក់​ក៏ត្រូវបានចាប់ខ្លួនផងដែរ នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ ជាថ្ងៃកើតហេតុ ឈ្មោះ ថន រ៉ាត់ អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងគុយ ឃុំល្បើក ស្រុកឈូក​។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋបានប្រទះឃើញសាកសពក្មេងស្រីម្នាក់ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះស្ថិតនៅ ចំណុចគំនរចំប៉ើង កន្លែងដាច់ស្រយាលមួយ ភូមិត្រពាំងគុយ ឃុំល្បើក ស្រុកឈូក ខេត្តកំពត។

មន្រ្តីនគរបាលស្រុកឈូក បានប្រាប់ឲ្យដឹងថា ក្មេងរងគ្រោះបានចេញពីផ្ទះ​ទៅរៀនតាំងពីព្រឹកថ្ងៃទី១៩ ​រហូតដល់ល្ងាច បងប្អូនកុមារី រងគ្រោះ មិនបានឃើញ ត្រឡប់មកផ្ទះវិញ​ក៏បានបបួលគ្នាចេញទៅដើររក តែមិនឃើញទេលុះព្រឹកឡើង ថ្ងៃនេះទើបប្រជាពលរដ្ឋ ដើរប្រទះឃើញសាកសព នៅចំណុចកើតហេតុខាងលើ ហើយក៏បានទំនាក់ទំនងមកកម្លាំងនគរបាលភ្លាម ឲ្យចុះទៅជួយអន្តរាគមន៍ និងពិនិត្យសព។ នគរបាលដដែលឲ្យដឹងទៀតថា កុមារីរងគ្រោះមានឪពុក តែកំព្រាម្តាយ​ រស់នៅជាមួយបងប្អូន ដោយឪពុកមិនបាននៅផ្ទះ​ទេ គឺចេញទៅ លេងបងប្អូន​នៅឯខេត្តបាត់ដំបងឯណោះ៕