(ភ្នំពេញ)៖ លំហរសេរីភាពរបស់លោក កឹម សុខា តាមអំណាចសាលដីការបស់សាលាដំបូងរាជធានីភ្នំពេញ ដែលអនុញ្ញាតឱ្យធ្វើដំណើរពាសពេញផ្ទៃប្រទេសនោះ បាននឹងកំពុងក្លាយទៅជាការជជែក និងជម្លោះពាក្យសម្តីយ៉ាងស្រួចស្រាវរវាងអ្នកគាទ្រលោក កឹម សុខា និងអ្នកគាំទ្រ លោក សម រង្ស៉ី។
លោក កឹម សុខា អតីតមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដែលជាប់ចោទពីការប្រព្រឹត្តអំពើ «ក្បត់ជាតិ»នោះ នៅខែវិច្ឆិកា ឆ្នាំ២០១៩ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បើកលំហរសេរីភាពអនុញ្ញាតឱ្យធ្វើដំណើរទៅកាន់កន្លែងនានាក្នុងប្រទេសកម្ពុជា តែមិនត្រូវធ្វើសកម្មភាពនយោបាយនោះឡើយ។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ លោក កឹម សុខា បានធ្វើដំណើរកម្សាន្តទៅតាមបណ្តាខេត្តនានា ហើយនៅពេលថ្មីៗនេះ ក៏បានធ្វើដំណើរទៅដល់ប្រាសាទអង្គរវត្តផងដែរ។ លំហរសេរីភាពរបស់លោក កឹម សុខា ហាក់បាននិងកំពុងក្លាយទៅជាព្រួញចាក់ទម្លុះបេះដូងលោក សម រង្ស៉ី និងក្រុមអ្នកគាំទ្រលោក សម រង្ស៉ី ឱ្យចុកចាប់ពើតផ្សារ។
លោក សម រង្ស៉ី បើទោះបីមិនបានបង្ហាញសារឈឺចាប់យ៉ាងណាក្តី តែអ្នកគាំទ្ររបស់លោក បានចេញមកបង្ហាញប្រតិកម្ម និងប្រើពាក្យពេចន៍ប្រមាថយ៉ាងចាស់ដៃលើលោក កឹម សុខា។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ក្រុមអ្នកគាំទ្រលោក សម រង្ស៉ី ចោទលោក កឹម សុខា ត្រូវដងត្រូវផ្លែ ឬចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីប្តូរយកសេរីភាព ឬសេចក្តីសុខផ្ទាល់។ ពេលខ្លះពួកគេប្រើពាក្យធ្ងន់ៗថា លោក កឹម សុខា លក់ឆន្ទៈ លក់ឧត្តមគតិ ឱ្យគណបក្សប្រជាជនកម្ពុជាដើម។
ការវាយប្រហាររបស់ក្រុមអ្នកគាំទ្រ លោក សម រង្ស៉ី មិនបានធ្វើឱ្យក្រុមអ្នកគាំទ្រ លោក កឹម សុខា នៅស្ងៀមនោះឡើយ។ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០នេះ លោក ម៉ៅ មុនីវណ្ណ អតីតមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ និងជាអ្នក «កឹម សុខា និយម» នោះ បានចេញមកហៅអ្វីដែលអ្នកគាំទ្រ លោក សម រង្ស៉ី កំពុងវាយប្រហារលើលោក កឹម សុខា ជាអ្នកបម្រើ និងអនុវត្តន៍នូវយុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា។
ការលើកឡើងបែបនេះ ដោយលោក ម៉ៅ មុនីវណ្ណ ទាញយកហេតុផលថា ពេលលោក កឹម សុខា ជាប់ពន្ធនាគារនៅត្រពាំងផ្លុង ត្រូវក្រុមអ្នកគាំទ្រ លោក សម រង្ស៉ី ចោទថាសុីឈ្នួលជាប់គុគ ពេលមកឃុំក្នុងផ្ទះ ចោទគាត់ថាសម្ងំយកសុខតែឯង ដល់ពេលចេញដំណើរក្រៅផ្ទះ ត្រូវបានមួលបង្កាច់ថាក្បត់។
លោក មុនីវណ្ណ បានលើកឡើថា ការចោទថា «ក្បត់» នេះ គឺធ្លាប់តែប្រើដោយគណបក្សប្រជាជនកម្ពុជា ឥឡូវត្រូវបានក្រុមអ្នកគាំទ្រ លោក សម រង្ស៉ី យកមកប្រើដែរ ជាហេតុនាំឱ្យលោកសន្និដ្ឋានថា ក្រុមអ្នកគាំទ្រ លោក សម រង្ស៉ី អនុវត្តន៍តាមយុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា។
លោក ម៉ៅ មុនីវណ្ណ បានបញ្ជាក់ដូច្នេះ «យេីងទាំងអស់គ្នាដឹងហេីយថា គណបក្ស ប្រជាជនចោទលោកប្រធាន កឹម សុខាថាក្បត់ជាតិ ចំណែក ក្រុម សម រង្ស៉ី ក៏ចោទលោកប្រធាន កឹម សុខា ថាក្បត់។ ដូច្នេះក្រុម សម រង្ស៉ី ជាអ្នកបម្រើ និងអនុវត្តន៍យុទ្ធសាស្រ្តរបស់ CPP។ CPP និង សម រង្ស៉ី គឺតែមួយ»៕