(ភ្នំពេញ)៖ ពីទីក្រុង Davos ប្រទេសស្វីស កន្លែងរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បានថ្លែងថា បណ្តាមេដឹកនាំពិភពលោក ដែលបានចូលរួមក្នុងវេទិកានេះ បាននិងកំពុងពិចារណារៀបចំកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅក្នុងប្រទេសកម្ពុជា នាឆ្នាំ២០១៧។ លោក ស៊ុន ចាន់ថុល ក៏បាននិងកំពុងស្នើបណ្តាមេដឹកនាំពិភពលោកជួយជំរុញកិច្ចប្រជុំមួយនេះ បានរៀបចំនៅកម្ពុជា។

សូមបញ្ជាក់ថា លោក ស៊ុន ចាន់ថុល បាននិងកំពុងចូលរួមរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos ប្រទេសស្វីស ដែលមានការអញ្ជើញចូលរួមពីបណ្តាមេដឹកនាំពិភពលោក ធុរជន សហគ្រិន អង្គការក្រៅរដ្ឋាភិបាល សាស្ត្រាចារ្យ សរុបប្រមាណ ២.០០០នាក់ ដើម្បីពិភាក្សា និង ផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក រិះរកមធ្យោបាយធ្វើយ៉ាងណាឲ្យពិភពលោកនេះ ក្លាយជាកន្លែងរស់នៅកាន់តែល្អប្រសើរសម្រាប់មនុស្សជាតិ។

លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា នេះជាលើកទី៥ ហើយ ដែលរូបលោកបានអញ្ជើញជាតំណាងឲ្យប្រទេសកម្ពុជាចូលរួមក្នុងកិច្ចប្រជុំនេះ។ លោក ស៊ុន ចាន់ថុល បានបន្តថា លោកបានជួបជាមួយមេដឹកនាំពិភពលោកសំខាន់ៗ សហគ្រិន ប្រធាន និង មន្ត្រីនាយកប្រតិបត្តិរបស់សាជីវកម្មធំៗជាច្រើន។

លោក ស៊ុន ចាន់ថុល បានយកក្នុងឱកាសដ៏ល្អនេះ បកស្រាយជូនមេដឹកនាំពិភពលោក សហគ្រិន ប្រធាន និង មន្ត្រីនាយកប្រតិ បត្តិរបស់សាជីវកម្មធំៗ ឲ្យបានយល់ដឹងអំពីកាលានុវត្តភាពពាណិជ្ជកម្ម និង ការវិនិយោគនៅក្នុងប្រទេសកម្ពុជា។

លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម​ បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំមានគោលបំណងទាក់ទាញអ្នកវិនិយោគ ឲ្យមកវិនិយោគនៅកម្ពុជា ដើម្បីបង្កើតការងារធ្វើជូនប្រជាជនរបស់យើង រកមធ្យោបាយបើកទីផ្សារថ្មីៗ សម្រាប់ផលិតផលកសិកម្មរបស់យើង សិក្សាស្វែងយល់អំពីការអនុវត្តដ៏ល្អបំផុតពីគេ និងជម្រាបជូនអ្នកចូលរួមកិច្ចប្រជុំនោះអំពីរូបភាពពិត នៃប្រទេសរបស់យើង»