(មណ្ឌលគិរី)៖ រដ្ឋបាលខេត្តមណ្ឌលគិរី បានចេញសេចក្ដីជូនដំណឹង ស្ដីពីការវាស់វែងចុះបញ្ជីដីរដ្ឋ ចុះបញ្ជីដីប្រជាពលរដ្ឋ និងចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ។
រដ្ឋបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងចាត់គណៈកម្មការចុះជួយគាំទ្រលើការងារ ចុះបញ្ជីដីរដ្ឋ ចុះបញ្ជីដីឯកជន របស់ប្រជាពលរដ្ឋ ចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ដោះស្រាយវិវាទដីធ្លី និងកសាងផែនការប្រើប្រាស់ដី ខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០តទៅ។
សេចក្ដីដូចបានជម្រាបជូនខាងលើ សូមសាធារណជន ព្រមទាំងគ្រប់មន្ទីរ គ្រប់ស្ថាប័នរដ្ឋ ភ្នាក់ងារ ហិរញ្ញវត្ថុនានា ដែលមានដីកំពុងអាស្រ័យផលជាក់ស្តែង នៅតាមបណ្ដាស្រុក ក្រុង ក្នុងខេត្តមណ្ឌលគិរី មេត្តា ចូលរួមអនុវត្តដូចខាងក្រោម៖
១៖ បោះបង្គោលព្រំដីឲ្យបានច្បាស់លាស់ ដើម្បីបង្កលក្ខណៈងាយស្រួល ឲ្យមន្ត្រីជំនាញចុះវាស់វែង
២៖ ត្រៀមឯកសារពាក់ព័ន្ធនឹងដីធ្លី និងអត្តសញ្ញាណ (ច្បាប់ដើម និងថតចម្លង) ជាអាទិ៍ ពាក្យស្នើ សុំកាន់កាប់ប្រើប្រាស់ដីធ្លី ឬលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសៀវភៅស្នាក់នៅ សេចក្ដីចម្លងសំបុត្រកំណើត/មរណភាព លិខិតបញ្ជាក់ភាពនៅលីវ/ពោះម៉ាយ/មេម៉ាយ -ល- ។ ឲ្យបានរួចជាស្រេចសម្រាប់ផ្តល់ជូនមន្ត្រីវិនិច្ឆ័យ។
៣៖ ក្នុងករណីដីមានវិវាទ សូមដោះស្រាយ សម្របសម្រួលរវាងគ្នាជាមុនឲ្យបានចប់ មុនពេលមន្ត្រី ជំនាញចុះទៅវាស់វែង។
៤៖ ហាមជាដាច់ខាត ការកាប់រានដីព្រៃឈើបន្ថែម ឬទន្ទ្រានចូលកាន់កាប់ថ្មី ដោយខុសច្បាប់៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តមណ្ឌលគិរី ដែលមានខ្លឹមសារទាំងស្រុង៖