(ប៉ារីស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានប្រកាសពីការពន្យារពេលបោះឆ្នោតជ្រើសរើសប្រធាន ថ្មី បន្ទាប់ប្រធានបច្ចុប្បន្នលោក Michel Platini ត្រូវបានក្រុមប្រឹក្សាវិន័យ FIFA ព្យួរមុខតំណែង ដោយហាមមិនឲ្យធ្វើអ្វី ទាំងអស់ទាក់ទងនឹងកីឡា រហូតដល់៨ឆ្នាំតាំងពីខែធ្នូ ឆ្នាំ២០១៥ មក ។

ក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញដោយ UEFA ត្រូវបានដកស្រង់ដោយសារព័ត៌មាន BBC បានឲ្យដឹងថា “UEFA សូមធ្វើការពន្យារពេល ពីការផ្អាកបោះឆ្នោតជ្រើសរើសប្រធាន​ថ្មីនៅដើមឆ្នាំ​២០១៦នេះ បន្ទាប់ពីអាណត្តិទី២ របស់ លោក Platini ត្រូវបានបញ្ចប់ ដោយលោកកំពុងជាប់បម្រាមនៅឡើយ ។ UEFA សូមរក្សាសិទ្ធិក្នុងការរៀបចំកាលបរិច្ឆេទក្នុងការបោះឆ្នោតជ្រើសរើសប្រធានថ្មី ក្រោយពេលតុលាការកីឡា CAS ជំនុំជម្រះរឿងក្តីរបស់លោក Platini ចប់សព្វគ្រប់” ។

ក្នុងរបាយការណ៍នោះដដែលបានបន្ថែមថា “ពួកយើង គណៈកម្មាធិការ UEFA សង្ឃឹមថា កេរ្តិ៍ឈ្មោះរបស់លោក Platini ស្អាតស្អំ និងវិលមកដឹកនាំស្ថាប័នអឺរ៉ុបបន្តទៀតពេលឆាប់ៗខាងមុខ តាមដែលធ្វើទៅបាន” ។

សូមរំលឹកដែរថា ទាំងប្រធាន UEFA លោក Michel Platini និងប្រធាន FIFA លោក Sepp Blatter ត្រូវបានគណៈ កម្មាធិការប្រតិបតិ្ត និងក្រុមប្រឹក្សាវិន័យ FIFA ប្រជុំព្យួរមុខតំណែង​រហូត​ដល់ទៅ៨ឆ្នាំកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ ជុំវិញលុយសំណូកជាង២លានដុល្លារ ដែល Platini ទទួលបានពីលោក Platter កាលពីឆ្នាំ២០១១ ហើយបេក្ខជនជាប់ បម្រាមទាំងពីរខាងលើនេះ ក៏ពុំត្រូវបានអនុញ្ញាតឲ្យឈរឈ្មោះបោះឆ្នោតជ្រើសរើប្រធាន FIFA ថ្មីចុងខែក្រោយនេះដែរ ។

បុរសជនជាតិបារាំង Michel Platini វ័យ៦០ឆ្នាំ ត្រូវបានបោះឆ្នោតជាប់ប្រធាន UEFA តាំងពីឆ្នាំ២០០៧ មក ដែលជាបេក្ខជនទី៦ ក្នុងការដឹកនាំអង្គភាពមួយនេះ ហើយកិច្ចការរបស់លោកបច្ចុប្បន្ន ត្រូវបានមន្រ្តីអេស្ប៉ាញលោក Angel Maria Villa ជាអ្នកកាន់កាប់ជំនួសបណ្តោះអាសន្ន ៕

ប្រធាន UEFA លោក Michel Platini

ប្រធាន FIFA លោក Sepp Blatter (ឆ្វេង)

មន្រ្តីបាល់ទាត់អេស្ប៉ាញ លោក Angel Maria Villar