(ស៊ីរី)៖ ក្រុមឧទ្ទាម IS​ បានបញ្ចេញវីដេអូថ្មី គំរាមវាយប្រហារប្រទេសរុស្ស៊ី ក្នុងពេលឆាប់ៗខាងមុខនេះ ដោយ​នឹងចាប់យកស្រីៗរុស្ស៊ី ធ្វើជាស្រីបម្រើ និងកូនៗធ្វើជាទាសក ដែលវីដេអូនេះ បានធ្វើឲ្យជនជាតិរុស្ស៊ីខឹងសម្បា​យ៉ាងខ្លាំង ជាពិសេសគឺលោក Vladimir Putin ​នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Daily Mail នៅថ្ងៃទី​២៣ ខែមករា។

ការគំរាមវាយប្រហារប្រទេសរុស្ស៊ីនេះ ត្រូវបានក្រុម IS បញ្ជាក់ថា គឺជាការសងសឹងដល់ប្រទេសរុស្ស៊ី ដែលបានបញ្ជាទ័ពអាកាស វាយប្រហារមូលដ្ឋានរបស់ពួកគេនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដែលទង្វើនេះជាសកម្មភាព​មួយ​មិនអាចអត់ឱនឲ្យបាន។

តាមរយៈវីដេអូ ក្រុម IS មិនបានបញ្ជាក់អ្វីឲ្យលើសពី​នេះនោះទេ ដោយគ្រាន់តែបង្ហាញពីសកម្មភាពនៃសកម្មប្រយុទ្ធរបស់ពួកគេ ជាមួយនឹងបទចម្រៀងដែលច្រៀងដើម្បីគំរាមរុស្ស៊ី។

កាលពីចុងឆ្នាំ ២០១៥ ក្រុម IS បានអះអាងថាខ្លួនជាអ្នកបាញ់ទម្លាក់យន្តហោះដឹកនអ្នកដំណើររបស់រុស្ស៊ី នៅ​ឧបទ្វីប Sinai ប្រទេសអេហ្ស៊ីប ដោយបានសម្លាប់មនុស្ស ២២៤នាក់៕