(ភ្នំពេញ)៖ នៅ​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ​២០១៦ម្សិលមិញ​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​ចំនួន១១​លើក (យប់៤​លើក) បណ្តាលឲ្យ​មនុស្ស​ស្លាប់៧​នាក់ (ស្រី២នាក់) របួសធ្ងន់៨​នាក់ (ស្រីម្នាក់​) របួសស្រាល៤នាក់ (ស្រីម្នាក់) និង​មិន​ពាក់មួក​ ពេល​គ្រោះ​ថ្នាក់​មាន១៥​នាក់ នេះបើតាមការចុះផ្សាយរបស់ គេហទំព័រអគ្គស្នងការនគរបាលជាតិ​។​

​ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១១លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​ម៉ូតូ​ចំនួន១០​គ្រឿង រថយន្ត​ធុន​តូច៦​គ្រឿង និងរថយន្តធំ៣គ្រឿង ហើយ​មូលហេតុ​ដែល​បណ្តាលឲ្យ ​មាន​គ្រោះថ្នាក់​រួម​មាន ៖ ល្មើស​ល្បឿន៣លើក បត់គ្រោះថ្នាក់១លើក និងប្រជែងគ្រោះថ្នាក់២លើក។

លទ្ធផលនៃការអនុវត្ត ការត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦​ បានបង្ហាញថា មានយានយន្ត ដែលចូលគោលដៅ មានចំនួន៤៣,៩៩៣ គ្រឿង ក្នុងនោះ មានម៉ូតូ ៥៧ភាគរយ។ ចំនែកយានយន្តដែលល្មើសច្បាប់វិញ មានចំនួន ៩,០១០គ្រឿង ស្មើ ៦១ភាគរយ។ ចំពោះការអប់រំ វិញ មានយានយន្ត ៤,១៦៥គ្រឿង ៤៦ភាគរយ និងការពិន័យ មានយានយន្ត ៤,៨៤៥គ្រឿង បង់ប្រាក់បាន ៦៩ភាគរយ។