(សៀមរាប)៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦នេះ អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាមទោះបីកំពុងមានទុក្ខក្រៀមក្រំ និងមមាញឹកក្នុងការចាត់ចែងពិធីបុណ្យសពឧបាសក ឈុន ហាក់ជា ត្រូវជាឪពុកបង្កើតរបស់អ្នកឧកញ៉ា ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែមករាឆ្នាំ២០១៦នេះក៏ដោយ ក៏អ្នកឧញ៉ា បានឆ្លៀតពេលវេលាទទួលជួបសំណេះសំណាល ជាមួយក្រុមប្រតិភូសប្បុរសជនជប៉ុន ដឹកនាំដោយលោក យ៉ាសារ៉ា សាដាណូរី ប្រធានក្រុម អាស៊ាន ហ្សូកុកឺណុណូក្យូ ជិជូស្សិស្សាស្សឹកដាន់ និងលោក យ៉ាម៉ាម៉ុតុ ប្រធានក្រុមហ៊ុន JHC AngKor Tour រួមជាមួយនិងសមាជិក សមាជិកា សប្បុរសជនជប៉ុន ជាច្រើនរូបទៀត ក្នុងពិធីប្រគល់អណ្ដូងទឹកស្អាតចំនួន ៦៨អណ្ដូង សម្រាប់គ្រួសារប្រជាពលរដ្ឋនៅ ស្រុកបន្ទាយស្រី និង ស្រុកប្រាសាទបាគង ។

​អ្នកឧកញ៉ា សៀង ណាំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកយ៉ាសាវ៉ា សាដាណូរី និងលោក យ៉ាម៉ាម៉ុតុ ព្រមទាំងសមាជិកសមាជិការទាំងអស់ ដែលបានមកជួបគ្នាជាថ្មីម្តងទៀត ដើម្បីប្រគល់អណ្តូងទឹកជូនដល់ប្រជាពលរដ្ឋចំនួន៦៨អណ្តូងជូនប្រជាពលរដ្ឋ ៤ឃុំ គឺ ឃុំរំចេក ឃុំ រុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី និងឃុំត្រពាំងធំ ឃុំមានជ័យ នៅស្រុកប្រាសាទបាគងនាពេលនេះ ។

អ្នកឧកញ៉ាបានគូសបញ្ជាក់ថា អណ្តូងទឹកស្នប់នេះពិតជាមានសារៈប្រយោជន៏សំខាន់ សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងខ្វះខាតទឹកស្អាតប្រើប្រាសក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។ ការឧប្តម្ភនូវអណ្តូងទឹក ទាំងអស់នេះវាអាចធ្វើអោយប្រជាពលរដ្ឋជៀសផុតពីជំងឺឆ្លងផ្សេងៗ។ សព្វថ្ងៃនេះប្រជាពលរដ្ឋនៅខេត្តសៀមរាប មានទឹកស្អាតប្រើប្រាស់តែ ៣០%ទេនៅក្នុងក្រុងសៀមរាប ចំពោះតំបន់ឆ្ងាយៗវិញពិតជាត្រូវការទឹកស្អាតប្រើប្រាស់ថែមទៀត ។ ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា​ ក៏បានសូមអោយសប្បុរសជនទាំងអស់បន្តជួយអណ្តូងទឹកថែមទៀតជួយប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ។

លោក យ៉ាសាវ៉ា សាដាណូរី បានឲ្យដឹងថា លោកបានមកជួយឧបត្តម្ភអណ្តូងទឹកដល់ប្រជាពលរដ្ឋខេត្តសៀមរាប តាំងពីឆ្នាំ២០១០រហូតមកដល់ពេលនេះបានផ្តល់អណ្តូងទឹកសរុបចំនួន៣៣០អណ្តូង ។ ហើយលោកនឹងខឹតខំស្វែងរកជំនួយមកជួយប្រជាពលរដ្ឋខេត្តសៀមរាបបន្តទៀតនៅឆ្នាំក្រោយៗ៕