(ភ្នំពេញ)៖ លោក សក់ សេដ្ឋារដ្ឋលេខាធិការ និងជាប្រធានក្រុមបង្គោលប្រឆាំង​អំពើពុក​រលួយ​នៃក្រសួងមហាផ្ទៃ បានចេញលិខិតបំភ្លឺមួយ ពាក់ព័ន្ធ និងករណីមន្រ្តីរាជការនៃក្រសួងមហាផ្ទៃមានឈ្មោះ ទៅធ្វើការងារ​ ខាងក្រៅ ដោយទទួល​បានប្រាក់ខែពីរកន្លែង។ នៅក្នុងលិខិតបំភ្លឺរបស់លោក សក់ សេដ្ឋាផ្ញើ ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដោយបានបញ្ជាក់ថា គិតត្រឹមខែកុម្ភៈ ក្រសួ​ងមហា​ផ្ទៃ មានចំនួនមន្រ្តីរាជការស៊ីវិល ក្នុងក្របខណ្ឌរបស់ខ្លួនចំនួន១២ ៤៤៣នាក់ មានស្រ្តីចំនួន២ ៧៥០នាក់។ តាមរយៈការណ៍ស្វ័យប្រកាសពីអង្គភាពនីមួយៗផ្នែករដ្ឋបាលស៊ីវិល នៅទីស្តីការក្រសួងមហាផ្ទៃ បានរកឃើញថា មន្រ្តីដែលមកបំពេញ ការងារមិនបានទៀងទាត់សរុបមានចំនួន១៤០នាក់។

យោងតាមរបាយការណ៍របស់ អង្គភាពប្រឆាំងអំពើពុករលួយរកឃើញថា ខេត្តចំនួន២ ពិតជាមានករណីមួយចំនួនពាក់ព័ន្ធ នឹងការបើកប្រាក់បេសសកម្ម ២លើកក្នុងការងារតែមួយ ដែលក្នុងនោះ មានខេត្តកំពង់ឆ្នាំង មាន៦ករណី និងខេត្តកំពង់ធំ មាន២ករណី។

លិខិតបំភ្លឺរបស់ លោក សក់ សេដ្ឋា រដ្ឋលេខាធិការ និងជាប្រធានក្រុមបង្គោលប្រឆាំងអំពើពុករលួយនៃក្រសួងមហាផ្ទៃ ដែលអង្គភាព Fresh News ទទួលបានថ្មីៗនេះ បានសង្កត់ធ្ងន់ ចំពោះប្រសាសន៍របស់លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ  បានបញ្ជាក់ថា ចំពោះករណីនេះ ក្រុមការងារ បានឲ្យអង្គភាពនីមួយៗណែនាំ ទៅមន្រ្តីទាំងអស់ឲ្យមកបំពេញបែបបទទទួលប្រាក់បៀវត្ស រឺប្រាក់​បេសកកម្មតែមួយកន្លែង ក្នុងករណីដែលមិនអនុវត្តត្រូវចាត់វិធានការតាមនីតិវិធីច្បាប់។

លិខិតបំភ្លឺដដែលបានបញ្ជាក់ពីវិធានការមួយចំនួន ដើម្បីចាត់ការទៅលើមន្រ្តីរាជការរូបណា មិនបានគោរពទៅតាមលក្ខខណ្ឌ និងប្រព្រឹត្តខ្លួនល្មើស នឹងបទបញ្ជា មានដូចជា៖

-អង្គភាពនីមួយៗ ត្រូវបន្តពង្រឹងការអនុវត្តវិន័យ និងការគ្រប់គ្រងវត្តមានរបស់មន្រ្តីឲ្យបានម៉ឺងម៉ត់

-ករណីនៅមិនទាន់មកបម្រើការងារទៀតងទាត់ ត្រូវណែនាំឲ្យសាម៉ីខ្លួនដាក់ពាក្យស្នើសុំស្ថិតនៅក្នុងភាពទំនេរគ្មានប្រាក់បៀវត្ស រឺសុំឈប់ពីការងារ ដោយទទួលបានប្រាក់ឧបត្ថម្ភនយោបាយតែមួយគត់

-ករណីមន្រ្តីមិនបានបង្ហាញមុខតាមការអញ្ចើញ សាម៉ីអង្គភាពត្រូវលើកសំណើរសុំដាក់សាម៉ីខ្លួនឲ្យស្ថិតក្នុងភាពទំនេរគ្មានបៀវត្សដោយបញ្ញាត្តិ រយៈពេល១៣ខែ។ ក្នុងរយៈពេល១៣ខែ ប្រធានអង្គភាពត្រូវដាក់កំហិត និងធ្វើលិខិតរំលឹកអញ្ចើញយ៉ាងតិចចំនួនពីរដងឲ្យសាម៉ីខ្លួនពីខែតុលា ដល់ខែធ្នូ៕