(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានឯកភាពឲ្យកីឡាករបាល់ទាត់ខ្មែរ-ថៃ ចាប់ដៃគ្នា ដើម្បីប្រកួតជាមួយកីឡាករប្រទេសដទៃទៀត ជាលក្ខណៈមិត្តភាព។ សម្តេចតេជោ ហ៊ុន សែន បានប្រគល់នូវភារកិច្ចនេះ ជូនឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី លោក សុខ អាន ជាអ្នកចាត់ចែងបន្ត។

ការឯកភាពរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមសំណើរបស់ឧបនាយករដ្ឋមន្រ្តីថៃ លោក Tanasak Patimaprago rn ក្នុងឱកាសដែលសម្តេចតេជោ បានអនុញ្ញាតឲ្យលោក Tanasak Patimapragorn ចូលជួបសំណេះសំណាល និង សម្តែងការគួរសមនៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦នេះ។

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្នុងជំនួបថា លោក Tanasak Patima pragorn បានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំង ដែលក្រុមកីឡាករបាល់ទាត់កម្ពុជា-ថៃ បានប្រកួតជាមួយគ្នាលក្ខណៈមិត្តភាព ដើម្បីចូលរួមអបអរសាទរ ដល់ខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ថៃ។

សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងនូវក្តីសោមនស្សរីករាយផងដែរ ចំពោះការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពកម្ពុជា-ថៃ ដែលជាចូលរួមពូនជ្រុំចំណងមិត្តភាពកម្ពុជា-ថៃ កាន់តែខ្លាំងក្លាថែមទៀត។

សូមបញ្ជាក់ថា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងកាបរទេស លោក ហោ ណាំហុង និង លោក Tanasak Patimapragorn នឹងអញ្ជើញជាសហអធិបតី ក្នុងពិធីប្រកួតបាល់ទាត់មិត្តភាព រវាងក្រុមបាល់ទាត់ Cambodia All Star របស់កម្ពុជា ជាមួយក្រុម Buri ram United របស់ថៃ នៅម៉ោង ៦៖៣០នាទីព្រលប់ថ្ងៃទី២៣ ខែមករានេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕