(ភ្នំពេញ)៖ ឧត្តមសេនីយ៍ផ្កាយ៣ រុន រ័ត្នវាសនា ប្រធាននាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងប្រាប់ អង្គភាពព័ត៌មាន​ Fresh News នៅល្ងាចនេះថា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦នេះ សមត្ថកិច្ចត្រួតពិនិត្យឃើញថា មានរថយន្ត ជាង១០០គ្រឿង បានបើកបរលើសល្បឿនកំណត់ តាមការកំណត់ក្នុងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលបានកំណត់ឲ្យបើកបរក្នុងល្បឿន ៨០Km/h។

នៅអំឡុងពេលត្រួតពិនិត្យ (បាញ់ល្បឿនឡាន) សមត្ថកិច្ចបានកត់សំគាល់តាមលក្ខណៈបច្ចេកទេសឃើញថា មានរថយន្តជាង១០០គ្រឿង បានបើកបរលឿនល្បឿនកំណត់។ រថយន្តខ្លះបើកបរក្នុងល្បឿន ១០៣Km/h ១០៤Km/h ១០៥Km/h ១១៤Km/h ១១៥Km/h ១១៦Km/h និង១២០Km/h ជាដើម។ (សូមមើលក្នុងរូបភាព​ លេខពណ៌ក្រហម)

ការចុះប្រតិបត្តិការត្រួតពិនិត្យនេះ បានធ្វើឡើងក្រោយពីមានការណែនាំ​ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

សូមជំរាបថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦កន្លងមកនេះ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានបញ្ជាក់បន្ថែមថា អគ្គស្នងការនគរបាលជាតិ និងបន្ថែម កម្លាំងនគរបាលចរាចរណ៍ថែមទៀត ទាំងវេនយប់ និងទាំងវេនថ្ងៃ ដោយផ្តោត​ទៅលើការត្រួតពិនិត្យល្បឿនយានយន្ត (បាញ់ល្បឿនឡាន) និងជាពិសេស ត្រួតពិនិត្យគ្រឿងស្រវឹង​នៅពេលបើកបរ នាពេលយប់។

នៅថ្ងៃដដែលនេះ អ្នកនំាពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ចាប់ពីយប់នេះ វេលាម៉ោង១១តទៅ កំលាំងស្នងការដ្ឋាននគរបាល​ រាជធានីភ្នំពេញ នឹងចុះត្រួតពិនិត្យ អ្នកបើកបរមានសារធាតុញៀននិងគ្រឿងស្រវឹងនៅតាមគ្រប់បណ្តាខណ្ឌនានានៅទូទាំងរាជធានី។ ជាតិអាកុល ចាប់ពី០,៤០មីលីក្រាម ក្នុង១លីត្រខ្យល់ឡើង ទៅ ត្រូវផ្តន្ទាទោសដាក់ ពន្ធនាគារពី១ខែដល់៦ខែ និង​ពិន័យជាប្រាក់បន្ថែមទៀត៕