(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចផ្តល់ទឹកប្រាក់ ៣៦,០០០ដុល្លារ ជារង្វាន់លើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ និងកីឡាកររបស់ក្រុម Cambodia All Stars ចំនួន៣៦រូប ដែលបានខិតខំ អស់កម្លាំងកាយកម្លាំងចិត្តនៅលើវាលស្មៅ សិប្បនិម្មិត ស្ថិតក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា យកឈ្នះក្រុមខ្លាំង មកពីថៃ Buriram United ដោយគ្រាប់បាល់ប៉េណាល់ទី ៤-៣ ក្រោយពីការប្រកួតពេញម៉ោងមានលទ្ធផលស្មើគ្នា ២-២។

ទន្ទឹមនឹងជ័យជំនះនោះដែរលោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡា បាល់ទាត់កម្ពូជា (FFC) បានថ្លែងប្រាប់អង្គ ភាពព័ត៌មាន Fresh News នៅក្រោយជ័យជម្នះរបស់ Cambodia All Stars តែប៉ុន្មាននាទីថា សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ប្រាក់ រង្វាន់លើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ និងកីឡាករម្នាក់ៗ ១,០០០ដុល្លារអាមេរិក ។
លោក ខៀវ សាម៉េត បានឲ្យដឹងថា នៅក្នុងក្រុម Cambodia All Stars របស់កម្ពុជាទាំងថ្នាក់ដឹកនាំ និងក្រុមកីឡាករសរុប ៣៦រូប ដូច្នេះទឹកប្រាក់ ដែលផ្តល់ជូនសរុបស្មើប្រមាណ ៣៦,០០០ ដុល្លារ ។

ក្រៅពីការផ្តល់រង្វាន់លើកទឹកចិត្តហើយនោះ សម្តេចតេជោ ហ៊ុន សែន ដែលតែងតែលើកសរសើរដល់កីឡាករកម្ពុជា ដើម្បីជំរុញ ទឹកចិត្តពួកគេឲ្យខិតខំប្រយុទ្ធលើវាលស្មៅនោះ ក៏បានបង្ហោះសារនៅលើទំព័រ Facebook របស់សម្តេច ភ្លាមៗផងដែរ ចូលរួមអបអរសាទរនូវជ័យជម្នះដ៏សែនខ្លៀវក្លានេះ ។ សម្តេចតេជោ ហ៊ុន សែន ក៏បានកើតសរសើរដល់ ថ្នាក់ដឹកនាំ និងក្រុមកីឡាករ Cambodia All Stars ដែលប្រឹងប្រែងរហូតយកឈ្នះលើក្រុម Buriram United ដែលជាក្រុមខ្លាំងមួយរបស់ថៃ ។

យ៉ាងណាក៏ដោយ នេះគ្រាន់តែជាប្រកួតលក្ខណៈមិត្តភាព ដើម្បីសប្បុរសធម៌ និងអបអរសាទរខួបលើកទី៦៥ឆ្នាំ នៃទំនាក់ទំនងកាទូត ប្រទេសកម្ពុជា និងថៃ ។ ចំណែកថវិកាទទួលបានពីការលក់សំបុត្រ និងអាវអនុស្សាវរីយ៍ នឹងប្រគល់ ជូនមន្ទីរពេទ្យគន្ធបុប្ឋាទាំងអស់ ដោយគ្មានការដកមកចំណាយលើការរៀបចំអ្វីឡើយ ជាមួយនឹងអ្នកចូលរួមទស្សនា ផ្ទាល់មានប្រមាណជិត៦ម៉ឹននាក់ ។

សូមបញ្ជាក់ដែរថា ជាមួយជ័យជម្នះជាលើកទីពីររបស់ Cambodia All Stars លើក្រុមកីឡាករបាល់ទាត់មកពីប្រទេស ថៃ នៅក្បាលព្រលប់ថ្ងៃអាទិត្យ ទី២៣ ខែមករា ឆ្នាំ២០១៦ នេះ បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា ជាអ្នកគាំទ្រវិស័យកីឡាបាននាំស្រែក ហ៊ោកញ្ជ្រៀវយ៉ាងកងរំពងពេញ ពហុកីឡដ្ឋានជាតិអូឡាំពិកតែម្តង ។ ជាមួយក្តីរំភើបរីករាយ ក្រុមអ្នកគាំទ្រហាក់មិនមាននរណា ចង់ចាកចេញពីកន្លែង អង្គុយឡើយ ពួកគេនៅតែបន្តស្រែកថា «ជយោកម្ពុជា! ឬមោទនភាពជាតិខ្មែរ!» និងពេលខ្លះទៀត ពួកគេបានស្រែក ហៅឈ្មោះកីឡាករក្នុងដួងចិត្តរបស់ពួកគេដូចជា ចាន់ វឌ្ឍនាកា និង ប្រាក់ មុន្នីឧត្តម ជាដើម ៕

 

Posted by Fresh News Photo on Saturday, January 23, 2016