(សៀមរាប)៖ ថ្ងៃទី១៩-២៣ ខែមករា ឆ្នាំ២០១៦ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍​បានដឹកនាំគណៈប្រតិភូ​ចូលរួមវេទិកាទេសចរណ៍អាស៊ានលើក​ទី​៣៥ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេស​​ចរណ៍អាស៊ានលើកទី១៩ ប្រជុំថ្នាក់រដ្ឋមន្រ្តី​ទេសចរណ៍​អាស៊ាន​បូក​បី (ចិន​ ជប៉ុន​​ កូរ៉េ) កិច្ច​ប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ានបូកឥណ្ឌា នៅទីក្រុងម៉ានីល ប្រទេស​ហ្វីលីពីន។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ក្នុងសន្និិសិតសារព័ត៌មាន នៅឯអាកាស់យាន្ដដ្ឋានអន្តរជាតិសៀមរាប នារសៀលថ្ងៃទី២៣ មករា ឆ្នាំ២០១៦នេះថា÷ កិច្ចប្រជុំទទួលបានលទ្ធផលដូចជា៖ ផែនការ​យុទ្ធសាស្ត្រ​ទេសចរណ៍​អាស៊ាន ២០១៦-២០២៥

ត្រូវបានអនុម័តនិងប្រកាសផ្សព្វផ្សាយជាផ្លូវការនូវផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ដែលមានចក្ខុ​វិស័យ "នៅឆ្នាំ២០២៥ សំដៅធ្វើឲ្យអាស៊ានក្លាយ​ជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ផ្តល់នូវបទពិសោធន៍​ដ៏​វិសេសប្រកប​ដោយភាពសំបូរបែប និងដោយឈលើគោលការណ៍​ការទទួលខុសត្រូវ និរន្តរភាព​និងគ្រប់ជ្រុងជ្រោយ ជាមួយនឹងការអភិវឌ្ឍទេសចរណ៍​ដែលមានតុល្យភាព រួមចំណែក​ក្នុងការលើកកំពស់សុខមាលភាព សេដ្ឋកិច្ច-សង្គម​របស់ប្រជាពលរដ្ឋអាស៊ាន"។ ជម្រុញកិច្ចសហប្រតិបត្តិការ​និងការផ្សព្វផ្សាយទេសចរណ៍ផ្ទៃក្នុងអាស៊ាន ទីផ្សារទេសចរណ៍អាស៊ានបូក រួមមានអាស៊ានបូកបី, អាស៊ានបូកឥណ្ឌា, អាស៊ានបូករុស្ស៊ី, អាស៊ានបូកអូស្រ្តាលី, ទីផ្សារអឺរ៉ុបជាដើម។ ហើយរាល់ការអភិវឌ្ឍទេសចរណ៍គឺប្រកបដោយគុណភាព៖

តាមរយៈការអនុវត្តស្តង់ដារទេសចរណ៍សណ្ឋាគារបៃតងអាស៊ាន (ASEAN Green Hotel Standard), ស្តង់ដារទីក្រុងទេសចរណ៍ ស្អាតអាស៊ាន ​( ASEAN Clean Tourist Standard ដែលយើងត្រូវចាប់​ផ្តើមយក​​ចិត្ត​ទុក​ដាក់ចាប់ពីពេលនេះទៅ ដើម្បីឈានឆ្ពោះទៅការប្រកាសលទ្ធផល​លើក​ទីមួយនៅវេទិកាទេសចរណ៍អាស៊ាន ២០១៨ នៅប្រទេសថៃ), ស្តង់ដារផ្ទះស្នាក់​អាស៊ាន (ASEAN Homestay Standard), ស្តង់ដារបង្គន់សាធារណអាស៊ាន (ASEAN Public Toilet Standard), ស្តង់ដារស្ប៉ាអាស៊ាន(ASEAN SPA and Wellness Standard), ស្តង់ដារទេសចរណ៍សហគមន៍នៃអាស៊ាន (ASEAN Community-Based Tourism Standard) ។

ក្នុងនោះការ​អភិវឌ្ឍធនធាន​មនុស្សតាមរយៈការជម្រុញការអនុវត្តស្មារតីនៃកិច្ចព្រមព្រៀង ទទួលស្គាល់អ្នកជំនាញទេសចរណ៍អាស៊ាន (MRA-TP)។ អង្គប្រជុំក៏បានអនុម័តកិច្ចព្រម​ព្រៀងលេខាធិការដ្ឋានថ្នាក់តំបន់សម្រាប់អនុវត្ត MRA-TP។ ហើយការជម្រុញការវិនិយោគទេសចរណ៏ និងការអភិវឌ្ឍផលិតផលទេសចរណ៍អាស៊ាន៖ ​រួមមានផលិតផលទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌ ទេសចរណ៍តាមនាវាសមុទ្រ និងតាមដងទន្លេ។ ការជម្រុញការតភ្ជាប់ក្នុងតំបន់តាមផ្លូវគោក ផ្លូវអាកាស​ ផ្លូវទឹក និងការសម្រួលការដឹកជញ្ជូន និងធ្វើដំណើរភ្ញៀវទេសចរ។

លោកបន្តថា ការ​រៀបចំឆ្នាំទស្សនាអាស៊ាន ក្រោមប្រធានបទ​ "ទស្សនាអាស៊ាន​ខួបលើក​ទី​៥០" ដើម្បីអបអរសាទរខួបទី៥០នៃការបង្កើតសមាគមអាស៊ាន​នៅឆ្នាំ២០១៧ សម្រាប់ឆ្នាំ២០១៦ និងឆ្នាំ២០១៧ ប្រទេសសមាជិកអាស៊ាននីមួយៗ​ត្រូវរៀប​ចំព្រឹត្តិការណ៍ចំនួន៥ (សម្រាប់កម្ពុជាយើងនឹងត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រ បុណ្យទន្លេ បុណ្យអុំទូក អង្គរសង្រ្កាន ការរត់ប្រណាំងម៉ារ៉ាតុងអង្គរ) និងកំណត់​ភាពទាក់ទាញជាអនុស្សាវរីយ៍​ដែលមិនអាច​បំភ្លេចបានចំនួន៥ សម្រាប់កម្ពុជា (យើងកំណត់យកភាពញញឹមរាក់ទាក់របស់​ប្រជាពលរដ្ឋកម្ពុជា ទស្សនាថ្ងៃលិច, សត្វផ្សោតទន្លេមេគង្គ ការមុជទឹកក្រោមទឹកសមុទ្រ នៅកោះរ៉ុង និងទស្សនាសត្វស្លាបនៅតំបន់ជីវចម្រុះព្រែកទាល់)។

ជាមួយគ្នានេះដែរ អាស៊ានក៏បានឯកភាពដាក់ចេញនូវ ASEAN Cruise Branding ផងដែរ។

លោកបញ្ជាក់ទៀតថា​ កិច្ចប្រជុំក៏បានជម្រាបជូនពីសមិទ្ធផលនានាដែលអាស៊ានសម្រេចបាននាឆ្នាំ២០១៥ កន្លងមក៖ គឺឆ្នាំ២០១៥ សម្រេចកំណើនទេសចរអន្តរជាតិ​មកទស្សនាប្រទេស​សមាជិកអាស៊ាន ប្រមាណ ១០៥លាននាក់ កើន ៤.៥%។ ហើយក្នុងឆ្នាំ២០១៥ ប្រទេសអាស៊ានបូកបី ទទួលបានទេសច​រ​អន្តរជាតិ ចំនួនប្រមាណ ២៥១លាននាក់កើនឡើង ៧% ដែលក្នុងនោះ​ប្រមាណ ៦៧%នៃចំនួនសរុប ជាទេសចរផ្ទៃក្នុងអាស៊ានបូកបី។ រីឯទេសចរអាស៊ានទៅទស្សនាប្រទេសបូកបី (ស្ថិតិបណ្តោះអាសន្នក្នុងឆ្នាំ ២០១៥) ៖ គឺចិនទទួលទេសចរមកពីប្រទេសសមាជិកអាស៊ានជាង៥,៩លាននាក់, ជប៉ុនទទួលទេសចរជាង១,៤លាននាក់, កូរ៉េទទួលទេសចរជាង១,៤លាននាក់។

លោកបន្ដថា​ កិច្ចប្រជុំក៏មាន អនុស្សារណ​ស្តីពីការពង្រឹងកិច្ច​សហប្រតិបត្តិការលើវិស័យ​ទេស​ចរណ៍​រវាង​រដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាល​នៃសាធារណរដ្ឋ​ប្រជាមានិតចិន ប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េ (អាស៊ានបូកបី) សំដៅជំរុញនិងសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទេសចរនៃអាស៊ានបូកបី, ការអភិវឌ្ឍផលិតផល​ទេសចរណ៍, និងពង្រឹងចំណងសហប្រតិបត្តិការលើធនធានមនុស្សក្នុង​វិស័យ​ទេសចរណ៍។ អនុស្សារណ​នៃសហប្រតិបត្តិការនេះ នឹងត្រូវបានដាក់ឲ្យអនុវត្តតាមរយៈគំរោងអនុវត្តរួមកម្មវិធី និងសកម្មការងារនានា។ ហើយការចុះហត្ថលេខាលើកម្មវិធីអនុវត្តន៍កិច្ច​សហប្រតិបត្តិការទេសចរណ៍ រវាងក្រសួង​ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងទេសចរណ៍នៃសាធារណរដ្ឋ​ហ្វីលីពីន៕