(ភ្នំពេញ)៖ ក្រោយចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) កម្ពុជានឹងអាចនាំចេញទំនិញ ៩៥ភាគរយ ទៅកាន់ប្រទេសចិន ដោយមិនគិតពន្ធ ក្នុងចំណោមទំនិញជាង ៣៤០មុខទំនិញ។ នេះជាការបញ្ជាក់របស់ លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ក្នុងសន្និសីទសារព័ត៌មានស្ដីពី «លទ្ធផលបញ្ចប់ នៃកិច្ចចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។

លោក សុខ សុភ័ក្ត្រ បានអះអាងយ៉ាងដូច្នេះថា៖ «យើងបានបើកផ្សារទៅប្រទេសចិនហ្នឹង ប្រហែលមុខទំនិញ៣៤០មុខ ឬអាចប្រហែលលើសខ្វះបន្តិចបន្តួច ហើយដែលមុខទំនិញទាំងនោះត្រូវបានចុះពន្ធទៅ ០% ភ្លាមៗ ប្រហែល៩៥% បានន័យថា មុខទំនិញ ៩៥% ចុះពន្ធទៅភ្លាម នៅសល់៥% គឺចុះក្នុងរយៈពេល១០ឆ្នាំ ឬអាចឆ្នាំបន្ទាប់អាចចុះទៅ០%»

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺជាកិច្ចព្រមព្រៀងរវាងប្រទេសជាមួយនឹងប្រទេសមួយទៀត ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរនូវទំនិញ ពាណិជ្ជកម្ម សេវាដោយសេរី មិនមានការរារាំងដោយរបាំងពន្ធ និងកាតព្វកិច្ចផ្សេងៗ។ និយាយជារួម កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺសំដៅដល់ការលើកកម្ពស់ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងគ្នា និងគ្នាដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រទេសផងគ្នា។ រហូតមកដល់ពេលនេះ ការចរចាលើការកិច្ចព្រមព្រាងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន បានបញ្ចប់ហើយ ដោយភាគីទាំងពីរបានបញ្ជូនសេចក្តីព្រាង ដើម្បីឲ្យរដ្ឋាភិបាលថ្នាក់កំពូលប្រទេសទាំងពីរត្រួតពិនិត្យ មុននឹងចុះហត្ថលេខា។ យ៉ាងណាក៏ដោយ បន្ទាប់ពីចុះហត្ថលេខា ភាគីទាំងពីរមានគម្រោងដាក់ឱ្យអនុវត្តចាប់ពីខែមករា ឆ្នាំ២០២១តទៅ។

លោក សុខ សុភ័ក្ត្រ បានឱ្យដឹងថា កាលពីមុន មុខទំនិញដែលប្រទេសកម្ពុជា នាំចូលទៅកាន់ប្រទេសចិន រួមមាន៖ ម្រេច ត្រូវភាគីចិន យកពន្ធ ២០ភាគរយ ប៉ុន្តែ ក្រោយចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ម្រេចកម្ពុជាត្រូវបានបញ្ចុះពន្ធ ០% បន្ថែមពីនេះសម្រាប់ម្រេចក្រៀមដែលប្រជាកសិករដាំបាននភខេត្តតាកែវ ក៏ត្រូវបានចុះពន្ធ០% បូករួមទាំងម្ទេសក្រៀមជាដើម ដូច្នេះ ទាំងអស់នេះ ជាមុខទំ និញដែលប្រទេសកម្ពុជា ទទួលបានពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ផងដែរ។

មន្ត្រីជាន់ខ្ពស់រូបនេះ បានបន្តថា ក្រៅពីមុខទំនិញទាំងនេះ កម្ពុជាក៏អាចនាំចេញត្រី សាច់ គ្រំ ខ្យង ក្តាម ព្រមទាំងផលិតមួយចំនួនធំទៀត ទៅកាន់ប្រទេសចិនបានផងដែរ។ ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ បានចរចារួចរាល់ ដូច្នេះទាំងនេះ គឺជាផលប្រយោជន៍របស់ប្រជាពលរដ្ឋកម្ពុជា ក្នុងប្រកួតប្រជែងគ្នាបង្កើនផលិតផល និងគុណភាពមុខទំនិញសម្រាប់នាំចេញទៅទីផ្សារចិន ជាដើម។ ទំនិញដែលកម្ពុជានាំចេញទៅចិនភាគច្រើនជាកសិផល មានដូចជា៖ ពោត, ដំឡូងមី, អង្ករ និងចេក ខណៈដែលកម្ពុជាកំពុងចរចានាំចេញផលិតផលផ្សេងៗទៀតដូចជា៖ ស្វាយ, ម្រេច, ផ្លែស្រកានាគ, ទឹកមាត់ត្រចៀកកាំ, ផ្លែមានប៉ៃលិន និងដូងក្រអូបជាដើម។

ត្រង់ចំណុចនេះដែរ លោក សុខ សុភ័ក្ត្រ បានបញ្ជាក់ថា ដោយលើកជាឧទាហរណ៍ថា ម្រេចកម្ពុជា ដែលត្រូវបង់ពន្ធ ២០ ភាគរយ កាលពីមុននោះ គឺមិនត្រូវបង់ពន្ធទៀតនោះទេ ក្រោយមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី បានចុះជាធរមាន។ បន្ថែមពីក្រៅពីម្រេច កម្ពុជាក៏មានផ្លែឈើ ត្រី សាច់ និងប្រភេទ សត្វសមុទ្រផ្សេងទៀតក៏ត្រូវរួចពន្ធ សម្រាប់នាំចេញទៅកាន់ទីផ្សាររបស់ប្រទេសចិនផងដែរ។

ចំណែកមុខទំនិញដែលភាគីចិន គិតពន្ធពីប្រទេសកម្ពុជា គឺជាប្រភេទគ្រឿងចក្រ និងយានយន្តផ្សេងៗ មូលហេតុដែលភាគីចិន គិតពន្ធលើមុខទំនិញទាំងអស់នេះ ដោយសារភាគីចិន មិនចង់ឱ្យការនាំចូលទីផ្សារ ខ្លួនប៉ះពាល់ផលិតផលក្នុងស្រុក។ បន្ថែមពីនេះ ការគិតពន្ធលើមុខទំនិញទាំងនេះ មិនមែនជាបញ្ហាដល់ភាគីកម្ពុជានោះទេ ព្រោះថាកម្ពុជា មិនមែនជាប្រទេសផលិតសម្ភារទាំងអស់នេះនោះទេ។ នេះជាបញ្ជាក់បន្ថែមរបស់លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក លី គឺជាំង នាយករដ្ឋមន្ត្រីចិន ក្នុងជំនួបទ្វេភាគី កាលពីថ្ងៃទី២០-២៣ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង បានសម្រេចឱ្យមានការសិក្សា ពីលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដើម្បីពង្រីកការធ្វើពាណិជ្ជកម្មវិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាងមុន សំដៅសម្រេចឱ្យបានគោលដៅ ពាណិជ្ជកម្មសរុបចំនួន ១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៣ តាមការកំណត់។

ក្រៅពីចិន និងកូរ៉េខាងត្បូង ប្រទេសកម្ពុជា ក៏គ្រោងនឹងធ្វើការចរចាយកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសផ្សេងៗទៀត តួយ៉ាងប្រទេសអង់គ្លេស, អាមេរិក, ជប៉ុន, ម៉ុងហ្គោលី, ឥណ្ឌា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ាន (EAEU)។ សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ាន (EAEU) មានសមាជិកចំនួន៥ គឺប្រទេសអាមេនី, បេឡារុស, កាហ្សាក់ស្ថាន, កៀហ្ស៊ីស៊ីស្ថាន និងសហព័ន្ធរុស្ស៊ី។ ត្រង់ចំណុចនេះ ក្រសួងពាណិជ្ជកម្មបានបង្កើតក្រុមការងារ ដើម្បីរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រចរចាជាមួយប្រទេសគោលដៅទាំងអស់នេះរួចរាល់អស់ហើយដែរ។

ពាក់ព័ន្ធនឹងពាណិជ្ជកម្មកម្ពុជា-ចិននេះ កាលពីឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រេចបានទឹកប្រាក់ប្រមាណ ៧,៤០០លានដុល្លារអាមេរិក នៅក្នុងនោះការនាំចេញរបស់កម្ពុជា ទៅចិនមានទំហំទឹកប្រាក់ ១,៣៧៧លានដុល្លារអាមេរិក កើនឡើង៣៧% និងនាំចូលពីចិនមានទំហំទឹកប្រាក់ ៦,០០០លានដុល្លារអាមេរិក គឺបានកើនឡើង ២៦% ផងដែរ៕