(ឧត្តរមានជ័យ)៖ ប្តី-ប្រពន្ធមួយគូនៅក្នុងស្រុកអន្លង់វែង បានស្រែកយំដូចអកព្រាត់គូឱបសពកូនស្រីសំណព្វអាយុជាង៣ឆ្នាំ ដែលបានដើរធ្លាក់ទឹកព្រះភូមិមុខផ្ទះស្លាប់ ខណៈប្តី-ប្រពន្ធមួយគូនេះ ជាប់រវល់ទៅលក់បន្លែនៅផ្សារ ហើយទុកកូននៅផ្ទះតែម្នាក់ឯង។

ភាពសោកសៅព្រោះតែទឹកព្រះភូមិនេះ បានកើតឡើងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ នៅភូមិយាងជើង ឃុំ.ស្រុកអន្លង់វែង ។ សមត្ថកិច្ច បានឲ្យដឹងថា កុមារី ដែលស្លាប់បាត់បង់ជីវិតនេះ មានឈ្មោះ តេង ស្រីប៉ោង អាយុ ៣ឆ្នាំ ៦ខែ។

សមត្ថកិច្ចបានបន្តថា នៅមុនពេលកើតហេតុឪពុក-ម្តាយ កុមាររីរងគ្រោះ បានទៅលក់បន្លែនៅផ្សារ ហើយទុកកុមាររីរងគ្រោះ នៅផ្ទះលេងកូនបាល់តែម្នាក់ឯង។ បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច ពេលកំពុងលេងនោះ កូនបាល់ធ្លាក់ទៅក្នុងទឹក ហើយកុមាររីរងគ្រោះ បានព្យាយាមយកឈើទៅឆ្កឹះ តែរអិលជើងធ្លាក់បណ្តាលឲ្យលង់ស្លាប់តែម្តង។

នៅកន្លែងកើតហេតុ ទាំងឪពុក និងម្តាយ បានស្រែកយំននៀលឱបសពកូនស្រីជាទីស្រឡាញ់របស់ខ្លួនមិនលែងនោះឡើយ ជាហេតុនាំប្រជាពលរដ្ឋក្នុងភូមិកើតក្តីអាសូរស្រណោះ និងសង្វេកគ្រប់ៗគ្នា៕