(ភ្នំពេញ)៖ ទោះបីជាមិនទាន់ចុះហត្ថលេខាជាផ្លូវការក៏ដោយ ប៉ុន្តែកម្ពុជា-ចិន បានបង្ហាញការប្តេជ្ញាចិត្តថា នឹងដាក់ឱ្យអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ ចាប់ពីខែមករា ឆ្នាំ២០២១ ខាងមុខនេះតទៅ។ នេះបើតាមការអះអាងរបស់ លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «លទ្ធផលបញ្ចប់ នៃកិច្ចចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។

លោករដ្ឋលេខាធិការ បានបញ្ជាក់ថា រហូតដល់ពេលនេះ ការចរចាលើការធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន បានបញ្ចប់ហើយ ដោយភាគីទាំងពីរ បានយកពង្រៀងកិច្ចព្រមព្រៀងនេះ បញ្ជូនឱ្យរដ្ឋាភិបាលប្រទេសទាំងពីរពិនិត្យទៅវិញទៅមក។ បន្ទាប់ពីពិនិត្យហើយនោះ ភាគីទាំងពីរនឹងរងចាំពេលវេលាសមស្របមួយ ដើម្បីចុះហត្ថលេខា ហើយបន្ទាប់ពីនោះ នឹងរៀបចំជាច្បាប់តាមនីតិវិធី ដើម្បីដាក់ឱ្យអនុវត្ត។

លោកបញ្ជាក់ថា៖ «(ក្រោយចុះហត្ថលេខា) យើងនឹងយកឯកសារហ្នឹងមកឆ្លងគណៈរដ្ឋមន្រ្តី រដ្ឋសភា ព្រឹទ្ធសភា បានដាក់ចេញជាច្បាប់ ហើយយើងនឹងបញ្ជូនលិខិតូបករណ៍ ស្តីពីការផ្តល់សច្ចាប័ននេះទៅចិន ធ្វើយ៉ាងណាឱ្យគោលដៅរបស់យើងអាច អនុវត្តកិច្ចព្រមព្រៀងបាននៅខែមករា ឆ្នាំ២០២១»

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក លី គឺជាំង នាយករដ្ឋមន្ត្រីចិន ក្នុងជំនួបទ្វេភាគី កាលពីថ្ងៃទី២០-២៣ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង បានសម្រេចឱ្យមានការសិក្សា ពីលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដើម្បីពង្រីកការធ្វើពាណិជ្ជកម្មវិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាងមុន សំដៅសម្រេចឱ្យបានគោលដៅ ពាណិជ្ជកម្មសរុបចំនួន ១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៣ តាមការកំណត់។

ក្រៅពីចិន និងកូរ៉េខាងត្បូង ប្រទេសកម្ពុជា ក៏គ្រោងនឹងធ្វើការចរចាយកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសផ្សេងៗទៀត តួយ៉ាងប្រទេសអង់គ្លេស, អាមេរិក, ជប៉ុន, ម៉ុងហ្គោលី, ឥណ្ឌា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ាន (EAEU)។ សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ាន (EAEU) មានសមាជិកចំនួន៥ គឺប្រទេសអាមេនី, បេឡារុស, កាហ្សាក់ស្ថាន, កៀហ្ស៊ីស៊ីស្ថាន និងសហព័ន្ធរុស្ស៊ី។ ត្រង់ចំណុចនេះ ក្រសួងពាណិជ្ជកម្មបានបង្កើតក្រុមការងារ ដើម្បីរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រចរចាជាមួយប្រទេសគោលដៅទាំងអស់នេះរួចរាល់អស់ហើយដែរ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺជាកិច្ចព្រមព្រៀងរវាងប្រទេសជាមួយនឹងប្រទេសមួយទៀត ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរនូវទំនិញ ពាណិជ្ជកម្ម សេវាដោយសេរី មិនមានការរារាំងដោយរបាំងពន្ធ និងកាតព្វកិច្ចផ្សេងៗ។ និយាយជារួម កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺសំដៅដល់ការលើកកម្ពស់ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងគ្នា និងគ្នាដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រទេសផងគ្នា៕