(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអំពាវនាវឲ្យក្មួយៗលេងកីឡា ដើម្បីថែទាំសុខភាពឲ្យបានល្អ និងរឹងមាំ និងក៏សូមអរគុណបងប្អូនជនរួមជាតិ ដែលចូលរួមត្រេកអរ និងលើកទឺកចិត្តថែរក្សា សុខភាពចំពោះសម្តេចផងដែរ។ 

សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តលើកឡើងថា «ត្រឹមត្រូវណាស់ ខ្ញុំត្រូវតែមានសុខភាពល្អជានិច្ច ដើម្បីជីវិតរស់នៅ និងដើម្បីដឹកនាំប្រទេសជាតិយើង អោយកាន់តែរីកចម្រើនទៅមុខ។ ខ្ញុំមិនធ្វើអោយជនរួមជាតិអស់សង្ឃឹមឡើយ»

ខាងក្រោមនេះជាសារនៅលើ Facebook របស់សម្តេចនាព្រឹកថ្ងៃអាទិត្យនេះ៖

តាំងពីថ្ងៃវិលត្រឡប់ពីពិនិត្យសុខភាពនៅប្រទេសសឹង្ហបូរី ខ្ញុំបានចាប់លេងកីឡាវាយកូនគោលដូចធម្មតាដើម្បីសុខភាព។ ពិតណាស់កីឡាបានធ្វើអោយខ្ញុំមានសុខភាពរឹងមាំ។ ខ្ញុំសូមអរគុណបងប្អូនជនរួមជាតិដែលចូលរួមត្រេកអរចំពោះសុខភាពរបស់ខ្ញុំ និងបានជួយលើកទឹកចិត្តអោយខ្ញុំថែរក្សាសុខភាព សប្បាយចិត្ត និងញញឹមអោយបានច្រើន។

ត្រឹមត្រូវណាស់ ខ្ញុំត្រូវតែមានសុខភាពល្អជានិច្ច ដើម្បីជីវិតរស់នៅ និងដើម្បីដឹកនាំប្រទេសជាតិយើងអោយកាន់តែរីកចម្រើនទៅមុខ។ ខ្ញុំមិនធ្វើអោយជនរួមជាតិអស់សង្ឃឹមឡើយ។ ទន្ទឹមនិងនេះ ខ្ញុំក៏សូមជូនពរជនរួមជាតិ និងក្មួយៗលេងកីឡា និងថែទាំសុខភាពអោយបានល្អរឹងមាំទាំងអស់គ្នា៕