​(ភ្នំពេញ)៖ សេចក្តីរាយការណ៍ ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋចំនួន ៣៤៤គ្រួសារ ដែលមកពីសហគមន៍ចំនួន៦ ដែលរងផលប៉ះពាល់លើកគម្រោងអភិវឌ្ឍន៍ ទីក្រុងរណបជ្រោយចង្វារ របស់ក្រុមហ៊ុន OCIC ដែលស្គាល់ថាជាក្រុមហ៊ុនរបស់ ឧកញ៉ា ពង់ ឃាវសែ នោះ បាននាំគ្នាផ្ទុះការតវ៉ាជាមួយក្រុមហ៊ុន នៅទីតាំងអភិវឌ្ឍន៍ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ប្រជាពលរដ្ឋទាំង៣៤៤គ្រួសារនោះ នាំគ្នាកាន់ពិដារ និងរូបថតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយនឹងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បំណងសូមអន្តរាគមន៍ និងការសណ្តោសប្រណីពីសម្តេចទាំងពីរ។

សេចក្តីរាយការណ៍បានបញ្ជាក់ទៀតថា ក្នុងការតវ៉ានោះ ក្រុមប្រជាពលរដ្ឋទាំងនោះ បាននិយាយថា កន្លងមក សាលារាជធានីភ្នំពេញ បានផ្តល់ជម្រើសដោះស្រាយជូនពួកគាត់ ដោយឲ្យតម្លៃដីត្រឹមតែ ១០ដុល្លារប៉ុណ្ណោះក្នុង១ម៉ែត្រការ៉េ ដែលតម្លៃនេះ វាខុសទៅនឹងតម្លៃដីបច្ចុប្បន្នឆ្ងាយសែនឆ្ងាយ គឺយ៉ាងហោចណាស់ក៏៥០០ដុល្លារដែរក្នុងមួយម៉ែត្រការ៉េ ដូច្នេះពួកគាត់មិនព្រមទទួលយក ដំណោះស្រាយរបស់សាលារាជធានីភ្នំពេញ និងក្រុមហ៊ុនទេ ហើយសាលារាជធានីចង់ផ្តល់សំណងយ៉ាងហោចណាស់ ៤០០ដុល្លារដែរក្នុងមួយម៉ែត្រការ៉េនោះ ឬ ផ្តល់ដី៥០ភាគរយនៃផ្ទៃដីដែលពួកគាត់កាន់កាប់។

សូមជម្រាបថា នេះមិនមែនជាលើកទី១ទេ ដែលប្រជាពលរដ្ឋរងផលប៉ះពាល់ លើគម្រោងទីក្រុងរណបជ្រោយចង្វារ របស់ក្រុមហ៊ុន OCIC នេះ ហើយនាំគ្នាផ្ទុះការតវ៉ានោះ គឺកើតឡើងរាប់ភ្លេចទៅហើយ៕