(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងពាណិជ្ជកម្ម បានព្រមានចាត់វិធានការផ្អាកជាបណ្តោះអាសន្ន និងដកហូតចេញពីទីផ្សារនូវផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារប្រភេទណាមួយ មិនបានអនុវត្តតាមខ្លឹមសារ ឬមិនបានបំពេញ តាមលក្ខខណ្ឌតម្រូវផ្សេងៗទៀតរបស់ក្រសួង។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៩ ខែកក្កដានេះ។
វិធានការរបស់ក្រសួងពាណិជ្ជ បានធ្វើឡើងក្រោយពីសង្កេតឃើញថា ការចរាចរផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ នៅលើទីផ្សារមួយចំនួន មិនបានអនុវត្តតាមខ្លឹមសារ នៃមាត្រា ៩ ១០ ១១ ១២ នៃអនុក្រឹត្យលេខ ១៣៣ អនក្រ.បក ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៥ ស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ (ឧបសម្ព័ន្ធ ១) និងប្រកាសរួមលេខ ០៦១ សនរប ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០០៧ ស្តីពីការអនុវត្តអនុក្រឹត្យស្តីពីការផ្សព្វផ្សាយលក់ផលិតផល សម្រាប់ចិញ្ចឹមទារក និងកុមារ ដោយមិនទាន់បំពេញ កាតព្វកិច្ចរបស់ខ្លួន នៅលើសំបកវេចខ្ចប់ ជាប់នឹងផលិតផលរបស់ខ្លួន ដូចជា ការបង្ហាញណែនាំអំពីវិធីប្រើផលិតផលជាភាសាខ្មែរ និងជាពិសេសពាក្យថា «គ្មានអ្វីប្រសើរជាងការបំបៅ កូនដោយទឹកដោះ ម្តាយ តែមួយមុខគត់រហូតបាន ៦ខែ និងបន្តការបំបៅដោះម្តាយ រហូតបានអាយុ ២ឆ្នាំ ឬលើសឡើយ»។
ដើម្បីលើកទឹកចិត្តឱ្យមានការបំបៅកូន ដោយទឹកដោះម្តាយ និងការធ្វើពាណិជ្ជកម្មដោយសុចរិត ក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនដល់ក្រុមហ៊ុន ធ្វើអាជីវកម្មនាំចូល ចែកចាយ និងផ្គត់ផ្គង់ផលិតផល សម្រាប់ចិញ្ចឹមទារក និងកុមារទាំងអស់ សូមអនុវត្តឱ្យបានត្រឹមត្រូវ តាមខ្លឹមសារច្បាប់ និងឯកសារគតិយុត្ត ដែលកំពុងមានជាធរមាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងរយៈពេល ៣០ថ្ងៃ បន្ទាប់ពីថ្ងៃចេញ សេចក្តីជូនដំណឹងនេះ ប្រសិនបើមន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម រកឃើញផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារប្រភេទណាមួយ មិនបានអនុវត្តតាមខ្លឹមសារ ឬមិនបានបំពេញតាមលក្ខខណ្ឌតម្រូវផ្សេងៗទៀត នៃអនុក្រឹត្យលេខ ១៣៣ និងប្រកាសរួមលេខ ០៦១ សនរប មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម នឹងចាត់វិធានការផ្អាកជាបណ្តោះអាសន្ននូវការចរាចរ និងដកហូតចេញពីទីផ្សារ ឬអនុវត្តនីតិវិធីផ្សេងៗទៀត ដោយអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិជាធរមានផ្សេងៗទៀត ដោយមិនលើកលែង។
ក្រសួងពាណិជ្ជកម្ម នឹងបន្តសកម្មភាពការងាររបស់ខ្លួន ដោយឈរលើអណត្តិការងារតាមតួនាទី និងភារកិច្ច ហើយសង្ឃឹមជឿជាក់យ៉ាងមុតមាំលើកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការជំរុញការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ឱ្យប្រព្រឹត្តទៅបានល្អប្រសើរ និងដើម្បីផលប្រយោជន៍សម្រាប់សង្គមជាតិទាំងមូល៕