(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា មកដល់ពេលនេះ ក្រសួងសាធារណការកំពុងដំណើរការសាកល្បង ដំឡើងប្រព័ន្ធគ្រប់គ្រងការដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ដោយប្រើប្រាស់បច្ចេកវិទ្យាកាមេរ៉ាឆ្លាតវៃ និងជញ្ជីងស្វ័យប្រវត្តិ (AI Camera and Weight in Motion Sensor) ចំនួន២ស្ថានីយ ដើម្បីត្រួតពិនិត្យយានយន្តដឹកទំនិញ លើសទម្ងន់កម្រិតកំណត់។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានលើកឡើងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួង ក្នុងឱកាសដែលលោកជាអធិបតី ប្រគល់-ទទួល រនាំងផ្លាកសញ្ញាគោលដៅត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សម្រាប់គោលដៅត្រួតពិនិត្យចរាចរណ៍ចំនួន ៣០០រនាំង ដោយមានការចូលរួមពី នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងផងដែរ។

ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ដំណើរសាកល្បងដំឡើងស្ថានីយ២កន្លែងនេះ និងដាក់ប្រព័ន្ធអេឡិចត្រូនិច ដើម្បីថ្លឹងទម្ងន់រថយន្តទាំងនៅមុខ ស្ថានីយជញ្ជីង និងក្រោយស្ថានីយជញ្ជីងតែម្តង ដោយគ្រាន់តែឡានបើកកាត់ពីលើនឹងអាចដឹងទម្ងន់តែម្តង ដោយមិនអាចកែប្រែបាននោះទេ ក្នុងនោះក៏បានដាក់បច្ចេកវិទ្យាកាមេរ៉ាឆ្លាតវៃ ចាប់រថយន្តទាំងអស់ឱ្យតែលើសល្បឿនផងដែរ ការធ្វើដូចនេះដើម្បីឃាត់រថយន្តដឹកលើសទំនិញឱ្យបាន ជៀសវាងការមានភាពមិនប្រក្រតីរវាងក្រុមហ៊ុនដឹកជញ្ជូន និងមន្ត្រីនៅតាមស្ថានីយជញ្ជីងថ្លឹងរថយន្ត។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងទៀតថា ដោយសារមានបញ្ហាមិនប្រក្រតីពីមុនមក មន្ត្រីនៅតាមជញ្ជីងថ្លឹងរថយន្តទាំងអស់បានដូរថ្មី ហើយសម្រាប់ការ សាងសង់ស្ថានីយជញ្ជីងថ្លឹងរថយន្តនៅក្រោយដី ដោយបានដាក់ប្រព័ន្ធអេឡិចត្រូនិចនេះ គឺវាមានភាពសុក្រឹតបំផុត ដោយមិនអាចមានការកែប្រែទិន្នន័យ ឬក្លែងបន្លំបាននោះទេ។

ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានឱ្យដឹងទៀតថា បន្ទាប់ពីសាងសងផ្លូវជាតិលេខ៣រួចរាល់ហើយ ផ្លូវនេះក៏ដូចផ្លូវនៅខេត្តព្រះសីហនុ នឹងក្លាយជា ផ្លូវគំរូដែលមានកន្លែងដាក់កាំម៉េរាសុវត្ថិភាព ដើម្បីចាប់យានយន្តបើកបរលើសល្បឿនកំណត់ សម្រាប់មន្ត្រីនគរបាលចរាចរណ៍ អនុវត្តការងារចាប់ល្បឿនយានយន្ត តាមកាំម៉េរាសុវត្ថិភាព និងបញ្ជូនវិក្ក័យបត្រទៅដល់ផ្ទះតែម្តង។

តាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ នេត សាវឿន បានឱ្យដឹងដែរថា នៅពេលកាំម៉េរាសុវត្ថិភាពទាំងនោះ ត្រូវបានបំពាក់រួចរាល់ មន្ត្រីនគរបាលចរាចរណ៍ នឹងអនុវត្តសាកល្បងទៅលើការចាប់ល្បឿនយានយន្ត ដែលបើកបរលើសកំណត់ហើយ។

នាយឧត្តមសេនីយ៍បន្ថែមថា កន្លែងណាក៏ដោយឱ្យតែមានសមត្ថភាព បំពាក់កាំម៉េរាសុវត្ថិភាព បាននឹងអនុវត្តសាកល្បងតែម្តង៕