(កំពង់ឆ្នាំង)៖ នៅថ្ងៃទី ២៣-២៤ ខែមករា ឆ្នាំ ២០១៦  ក្រុមការងារបច្ចេកទេសរបស់​ក្រសួងធនធានទឹក និងឧតុនិយម បានបន្តចុះត្រួតពិនិត្យលក្ខណៈ​បច្ចេកទេសម៉ាស៊ីនបូមទឹក និងការងារ​អន្តរាគមន៍​សង្គ្រោះដំណាំស្រូវរបស់បង​ប្អូនប្រជាកសិករ នៅក្នុងខេត្តកំពង់ឆ្នាំង ។

លោក ឈា ប៊ុនរិទ្ធ ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម ដែលកំពុងដឹកនាំការងារនេះ បានប្រាប់ឱ្យដឹងថា សម្រាប់ខេត្តកំពង់ឆ្នាំង បន្ទាប់ពីបានចុះ​ពិនិត្យជាក់​ស្តែង នូវស្ថានភាពម៉ាស៊ីនបូមទឹករបស់យើង នៅតាមបណ្តាទីតាំងដែលកំពុងអន្តរាគមន៍សរុប ចំនួន ១៩ គ្រឿង និងចំនួន ៦ គ្រឿង ផ្សេងទៀត ដែលកំពុងរក្សាទុកនៅក្នុងបរិវេណមន្ទីរ ឃើញថា មានម៉ាស៊ីន ចំនួន ០៤ គ្រឿង នឹងត្រូវធ្វើការជួសជុលឡើងវិញ និងមួយចំនួនទៀត គឺយើងធ្វើការថែទាំនៅនឹងទីតាំងដែលកំពុងអន្តរាគមន៍តែម្តង ។

លោកប្រធាននាយកដ្ឋាន បានបញ្ជាក់ថា នាពេលកន្លងមក ការងារអន្តរាគមន៍បូមទឹកផ្គត់ផ្គង់ឱ្យការដាំដុះដំណាំស្រូវនៅក្នុងខេត្តកំពង់ឆ្នាំង គឺយើងបានធ្វើនៅលើ ៨៧ ទីតាំង ក្នុងក្រុងស្រុកចំនួន ៥ រួមមានស្រុកជលគិរី រលាប្អៀរ កំពង់លែង កំពង់ត្រឡាច និងក្រុងកំពង់ឆ្នាំង ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹក កម្លាំង ៦៥ សេះ របស់ក្រសួង និងមន្ទីរ សរុបចំនួន ២៥ គ្រឿង និងម៉ាស៊ីនបូម​ទឹកខ្នាតតូចរបស់​សហគមន៍ និងប្រជាកសិករ ដែលមាននៅនឹងទីតាំងស្រាប់ សរុបចំនួន ២៨២ គ្រឿង ។ ឯការផ្គត់ផ្គង់ប្រេង គឺក្រសួងធនធានទឹក និងឧតុនិយម ជាអ្នកទទួលបន្ទុកទាំងស្រុង ។

លោកបន្តទៀតថា ជាលទ្ធផលនៃការងារអន្តរាគមន៍របស់យើង បច្ចុប្បន្នទីតាំងមួយចំនួន គឺលែងមានតម្រូវការទឹកទៀតហើយ ដូចនេះយើងបានផ្អាកដំណើរការបូម និងដកយកម៉ាស៊ីន​មករក្សាទុកក្នុងបរិវេណ​មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ដើម្បីធ្វើការជួសជុល និងថែទាំឡើងវិញ ។

សូមរំលឹកផងដែរថា ទន្ទឹមនឹងដំណើរការបូមទឹកយ៉ាងសកម្មសម្រាប់បម្រើឱ្យការងារបង្កបង្កើនផលស្រូវជូនបងប្អូនប្រជាកសិករ និងស្ថិតក្នុងស្ថានភាពត្រៀមលក្ខណៈជានិច្ច លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចាត់ឱ្យមានក្រុមការងារបច្ចេកទេសពិសេសមួយរបស់ក្រសួង ដើម្បីចុះសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមនៅតាមបណ្តាខេត្ត ធ្វើការត្រួតពិនិត្យជាប្រចាំនូវលក្ខណៈបច្ចេកទេសម៉ាស៊ីនបូមទឹកគ្រប់ធុនដែលបាន និងកំពុងប្រើប្រាស់ ទាំងនៅទីតាំងកំពុងអន្តរាគមន៍ និងម៉ាស៊ីនដែលកំពុងរក្សាទុកនៅមន្ទីរ៕