(កំពង់ធំ)៖ សេចក្តីរាយការណ៍ពីសមត្ថកិច្ចខេត្តកំពង់ធំ បានរាយការណ៍ឲ្យដឹងថា ជនសង្ស័យដែលជាប្តីយកពូថៅកាប់ប្រពន្ធ និងម្តាយក្មេកស្លាប់ទាំងពីរនាក់ នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅម៉ោង ៧៖៣០នាទីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ដោយចង.កសម្លាប់ខ្លួន ស្លាប់បាត់ទៅហើយនៅម៉ោង ១១៖៤០នាទីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦នេះ។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ជនសង្ស័យឈ្មោះ ហ៊ន ប៊ុនធាង ដែលបានសម្លាប់ប្រពន្ធ និងម្តាយក្មេកនោះ បានចង.កសម្លាប់ខ្លួន នៅតំបន់ជាំស្មាច់ ដែលមានចម្ងាយប្រមាណ១៣គីឡូម៉ែត្រ ពីផ្ទះដែលពួកគេកាប់សម្លាប់ប្រពន្ធ និងម្តាយក្មេង ស្ថិតក្នុងភូមិទំអរ ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

សូមជម្រាបថា ហេតុការណ៍ដ៏សាហាវឃោឃៅមួយ បានកើតឡើងនៅម៉ោង ៧៖៣០នាទីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ ដោយជនសង្ស័យឈ្មោះ ហ៊ន ប៊ុនធាង អាយុ២៧ឆ្នាំ ត្រូវជាប្តី បានយកពូថៅកាប់លើប្រពន្ធឈ្មោះ ឈិន ស្រីទុំ អាយុ២៥ឆ្នាំ និងម្តាយក្មេក ឈ្មោះ យឹម សារឿន អាយុ៥៨ឆ្នាំ បណ្តាលស្លាប់ទាំង២នាក់។

សមត្ថកិច្ចបានឲ្យដឹងទៀតថា អ្នកទាំង៣ នៅភូមិកើតហេតុខាងលើ និងមានមុខរបរស៊ីឈ្នួលដាំ និងធ្វើស្មៅដំឡូងឲ្យគេ ហើយមូលហេតុដែលនាំឲ្យកើតការកាប់សម្លាប់នេះឡើង ដោយសារប្តីចិត្តកំណាចនោះស្រវឹងស្រា៕