(កណ្តាល)៖ នៅថ្ងៃទី​ ២៤​ ខែ​មករា​នេះ នាយឧត្តមសេនីយ៍​កិត្តិបណ្ឌិត​ ហ៊ីង​ ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់ជាតិ ប្រចាំស្រុកកណ្តាលស្ទឹង​ បានអញ្ជើញជាអធិបតីក្នុងពីធី​ ប្រកាសតែងតាំង អនុប្រធានទី១​ ក្រុមការងារថ្នាក់ជាតិប្រចាំស្រុកកណ្តាល​ស្ទឹង​ តាមសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃ គណៈពង្រឹងមូលដ្ឋានខេត្តកណ្តាល​ ចុះថ្ងៃទី​ ០៤​ខែ​ មករា​ ឆ្នាំ២០១៦ ដែលចុះហត្ថលេខា​ដោយ ឧបនាយករដ្ឋមន្ត្រី​ ប៊ិន​ ឈិន​ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តកណ្តាល។​

បើយោងតាមសេចក្តីសម្រេច​ បានប្រកាសតែងតាំង លោក​ ម៉ម​ ប៊ុន​នាង​ ជាអនុប្រធានទី១​ ក្រុមការងារថ្នាក់ជាតិប្រចាំស្រុក កណ្តាល​ស្ទឹង​។​

ក្នុងពិធីនោះ​ដែរ នាយឧត្តមសេនីយ៍ ហ៊ីង​ ប៊ុនហៀង​ បានជួបសំណេះជាមួយមេឃុំ​ មេភូមិ​ព្រមទាំង​ ប្រកាសអំណោយជួយកសាង​ក្នុងនាម​សម្តេច​តេជោ​ និង​សម្តេចកិត្តព្រឹទ្ធបណ្ឌិត​ ជួយកសាង​រួមមាន៖​ នៅ​ឃុំ​ព្រែកស្លែង​ ជីកប្រឡាយទឹកប្រវែង​ ៤០០០ម៉ែត្រ, ឃុំ​រកា​ ជីកប្រឡាយទឹក​ ប្រវែង​ ១២០០ម៉ែត្រ, ​ឃុំ​សៀមរាប ជូនថវិការ​ចំនួ​ន ១០០០ដុល្លារ​ សម្រាប់សាងសង់បង្ហើយ ស្នាក់ការភូមិ​មួយខ្នងស្ថិតក្នុងឃុំ និងឃុំ​ជើងកើប​ ជួយទ្វាទឹកពី​រ​ និង​ដាក់បង្អួចសាលារៀនមួយចំនួនផងដែរ។​

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍​ ហ៊ីង​ ប៊ុនហៀង​ ក៏បាននាំយកអំណោយ​ដ៏​ថ្លៃថ្លារបស់ សម្តេច​តេជោ​ ហ៊ុន​ សែន និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត​ ជូនដល់​សមាជិកសមជិការ​ ដែលបានចូលរួម​ចំនួន​៣៥០​នាក់ ក្នុងម្នាក់ៗ​ ៤០០០០រៀលផងដែរ៕