(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌច្បារអំពៅ លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌ នៅព្រឹក​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៦​នេះ បាននាំប្រជាជនដែលមានជំងឺ ប្រមាណជិត៤០០០នាក់ ដែលក្រុមការងារនាំយកពីតាមសង្កាត់ទាំង៨ ក្នុងខណ្ឌច្បារអំពៅ ដើម្បីមកទទួលការពិនិត្យព្យាលដោយឥតគិតថ្លៃពីក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ​របស់​សម្តេច​វិបុល​សេនា​ភក្តី​ សាយ ឈុំ​ ប្រធាន​ព្រឹទ្ធ​សភា នៅក្នុងបរិវេណវត្ត កៀនស្វាយក្នុង ស្ថិតតាមបណ្តោយផ្លូវ ជាតិលេខ១ ក្នុងសង្កាត់ក្បាលកោះ ដឹកនាំដោយលោក យឹម លាង ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់សម្តេច​វិបុល​សេនា​ភក្តី​ សាយ ឈុំ​ ប្រធាន​ព្រឹទ្ធ​សភា

​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ ដឹកនាំដោយលោក យឹម លាង នៅ​ពេល​នេះ​ដែរ គឺជា​សក្ខីភាពសបញ្ជាក់​​ឱ្យ​ឃើញ​ពី​មនោសញ្ចេតនា​យកចិត្តទុកដាក់​ខ្ពស់​ ចំពោះ​វិស័យ​សុខាភិបាល ដែល​ជា​វិស័យ​អាទិភាព​ក្នុង​គោលនយោបាយ និង​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លៀសវៃ​ប្រកប​ទៅ​ដោយ​គតិ​បណ្ឌិតរបស់​សម្តេចតេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងពេលពិនិត្យនោះដែរ មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោក​អ៊ាង សីុផាន អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ ព្រមទាំងលោក អ៊ុច គឹមអន រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌច្បារអំពៅនិងលោកស្រី ឡោក ខេង អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាក្រុមការងារចុះជួយខណ្ឌច្បារអំពៅ និងចូលរួមដោយលោក អ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ អភិបាលរង ចៅសង្កាត់ទាំង៨ ស.ស.យ.កខណ្ឌ ផងដែរ ។

លោក ញាណ ចាន់សោភា នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅ បានបញ្ជាក់ថា ក្នុងការពិនិត្យជំងឺនេះដែរ ក្រុមគ្រូពេទ្យ បានពិនិត្យទៅ លើជំងឺទូទៅ ពិនិត្យដោយផ្តល់វ៉ែនតាផងដែរ ជំងឺត្រចៀក ព្យាបាលមាត់ ធ្មេញ និងវះកាត់តូច ជាដើម ព្រមទាំងមាន ទទួលពិនិត្យឈាម រកមេរោគ និងមានឆ្លុះអេកូ ផងដែរ។

មានវត្ដមានក្នុងការចុះ ព្យាបាលដោយឥតគិតថ្ងៃនេះ លោក អ៊ាង សុីផាន មានប្រសាសន៍ ថ្ងែងអំណរ គុណដល់ លោកគ្រូ អ្នកគ្រូពេទ្យស្មគ្រ័ចិត្ដ របស់សម្តេចវិបុលសេនាភក្តឋិ សាយ ឈុំ ដែលចំណាយពេលមួយថ្ងៃពេញ ដើម្បីពិនិត្យ ព្យាបាល ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងខណ្ឌច្បារអំពៅ ទាំងមិនគិតការនឿយហត់។

ជា ចុងក្រោយលោក អភិបាលខណ្ឌបាន ថ្លែងផ្ដាំផ្ញើ ដល់បងប្អូនទាំងអស់សូមថែរក្សា សុខភាព តាមរយៈការ រស់នៅស្អាត ផឹកស្អាត បិរភោគស្អាត នាំមកនូវ សុខភាពប្រសើរគ្រប់ៗ គ្នា។

ជាមួយគ្នានេះដែរ បងប្អូន​ប្រជាពលរដ្ឋ បាន​សម្តែង​នូវ​ទឹកចិត្ត​ត្រេកអរ​យ៉ាង​ក្រៃ​លែង និង​បាន​ថ្លែង​អំណ​អរគុណ​បំផុត ចំពោះ​អាជ្ញាធរ​ខណ្ឌច្បារអំពៅ ក៏​ដូច​ជា​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា ដែល​តែងតែ​យកចិត្តទុក​ដាក់ ខ្នះខ្នែង គិតគូរ ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ ដោយ​បាន​ចុះ​មក​ពិ​និ​ត្យជំងឺ​ដោយ​គ្មាន​ការ​បង់ថ្លៃដល់​មូលដ្ឋាន ជាក់ស្តែង​ដូច​ក្នុង​ពេល​នេះ​តែ​ម្តង៕