(មណ្ឌលគិរី)៖ រដ្ឋបាលស្រុកអូររាំង ខេត្តមណ្ឌលគិរី បានអំពាវនាវដល់ប្រជាពលរដ្ឋកំពុងមានវិវាទដីធ្លីឱ្យទៅដាក់ពាក្យបណ្តឹង ឬតាមដានបណ្តឹងរបស់ខ្លួននៅការិយាល័យនីតិកម្ម និងដោះស្រាយវិវាទ នៃរដ្ឋបាលស្រុកអូររាំង ដើម្បីឱ្យមន្ត្រីរដ្ឋបាលស្រុក និងក្រុមការងារថ្នាក់ជាតិ ធ្វើការសម្របសម្រួល និងដោះស្រាយបញ្ចប់ជូន។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុក បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋដែលកំពុងកាន់កាប់ដីរដ្ឋ ហើយបានអាស្រ័យផលជាក់ស្តែងដោយធ្វើការដាំដុះដំណាំពិតប្រាកដជាច្រើនឆ្នាំហើយនោះ ក៏អាចទៅដាក់ពាក្យបណ្តឹងនៅរដ្ឋបាលស្រុកផងដែរ ដើម្បីកំណត់ឱ្យមានភាពច្បាស់លាស់នូវសិទ្ធិកាន់កាប់ និងអាស្រ័យផលជាក់ស្តែង។
ក្នុងសេចក្តីជូនដំណឹងបានគូសបញ្ជាក់ថា ការដាក់ពាក្យបណ្តឹង ឬទៅតាមដានបណ្តឹងរបស់ខ្លួននៅការិយាល័យនីតិកម្ម និងដោះស្រាយវិវាទនៃរដ្ឋបាលស្រុកអូររាំង រាល់ម៉ោងធ្វើការចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។
សូមបញ្ជាក់ថា អាជ្ញាធរថ្នាក់ជាតិ ដែលមានកិច្ចសហការគ្នាដោយក្រសួងចំនួន៣ រួមមាន៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងចុះរៀបចំចាត់ចែងបែងចែកដីដែលជាដីគម្របព្រៃឈើ ដីអភិរក្សរបស់រដ្ឋ ជូនប្រជាពលរដ្ឋនៅក្នុងខេត្តមណ្ឌលគិរី។
ការងារនេះបានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាឱ្យកាត់ឆ្កៀលដីគម្របព្រៃឈើ ឬដីអភិរក្សនោះ ជូនទៅប្រជាពលរដ្ឋតាមការកាន់កាប់ ឬអាស្រ័យផលជាក់ស្តែង៕