(ភ្នំពេញ)៖ សកម្មជនរបស់បក្សប្រឆាំង នៅសហរដ្ឋអាមេរិក បានរៀបចំផែនការធ្វើបាតុកម្មមួយ ដើម្បីប្រឆាំងសម្តេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅពេលដែលសម្តេចអញ្ជើញ ទៅកាន់ប្រជុំនៅទីនោះនាខែក្រោយ, នេះបើយោងសកម្មជនរបស់បក្សប្រឆាំង បានសរសេរនៅលើ Facebook របស់សម្តេចតេជោ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នេះ។

សកម្មជនបក្សប្រឆាំង បានសរសេរនៅលើ Facebook យ៉ាងដូច្នេះថា៖ «សួស្តីសម្តេច, ខ្ញុំចង់ជំរាបសំដាច់ថា.. ពួកយើងជាខ្មែរអាមេរិកកាំង បានរៀបចំបាតុកម្មអហឹង្សា សម្រាប់ទទួលស្វាគមន៍វត្តមានសំដាច់នៅ Palm Springer, Ca»

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដោយឆ្លើយតបវិញថា ប្រសិនការធ្វើបាតុកម្មនៅសហរដ្ឋអាមេរិកកើតមាន, ដូច្នេះសិទ្ធិការធ្វើបាតុកម្មនៅក្នុងប្រទេស ដើម្បីប្រឆាំងនឹងមេបក្សប្រឆាំងក៏អាចកើតមាន, ហើយត្រូវទទួលស្គាល់សិទ្ធិបាតុកម្មរបស់អ្នកគាំទ្រសម្តេច។ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា បើទោះបីមេដឹកនាំបក្សប្រឆាំងបដិសេធមិនពាក់ព័ន្ធ ប៉ុន្តែរបាយការណ៍ហិរញ្ញវត្ថុ នៃបក្សប្រឆាំងនៅរដ្ឋមួយ របស់សហរដ្ឋអាមេរិក បានបង្ហាញពីការចំណាយលុយធ្វើបាតុកម្ម កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅ នៅបុរី ញីវយ៉ក។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅលើ Facebook ដោយឆ្លើយតបវិញនាព្រឹកថ្ងៃនេះថា៖ «បើក្មួយយល់ ថាបាតុកម្មប្រឆាំងពូមាន ប្រយោជន៏ក៏សុំធ្វើតាម ចិត្តចុះព្រោះវាជាមុខជំនាញរបស់ពួកក្មួយទៅហើយ។ អ្វីដែលក្មួយត្រូវចាំហើយប្រាប់តគ្នាទៅមេក្មួយទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេសនោះ គឺត្រូវទទួលស្គាល់សិទ្ឋិបាតុកម្មរបស់អ្នកគាំទ្រពូ ប្រឆាំងមេដឹកនាំក្មួយនៅក្នុងប្រទេសវិញដែរ។ មេដឹកនាំបក្សប្រឆាំងបានបដិសេធន៍ថា មិនពាក់ព័ន្ធ ជាមួយបាតុកម្មនៅញីវយ៉កទេ តែរបាយការណ៏ហិរញ្ញវត្ថុនៃបក្សប្រឆាំង នៅរដ្ឋមួយបានបញ្ជាក់ថា បានចំណាយធ្វើបាតុកម្ម ថ្ងៃ២៦ កញ្ញា ២០១៥ នៅញីវយ៉ក។ លាក់ក្បាលតែចេញកន្ទុយ។ ដូចនេះបាតុកម្មនៅក្នុងស្រុកជាលទ្ថភាពអាច កើតមានដើម្បីប្រឆាំងមេដឹកនាំបក្សប្រឆាំង»