(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យក្រុមហ៊ុនដឹកជញ្ជូនធ្ងន់ៗ នៅតាមបណ្តោយផ្លូវជាតិលេខ៤ បង្វែរទៅដឹកជញ្ជូនតាមផ្លូវដែកជំនួសវិញ ដើម្បីបញ្ចៀសការខូចផ្លូវ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះ ក្នុងឱកាសបើកវេទិកាស្រូវអង្ករកម្ពុជា លើកទី៥ នាសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបញ្ឈប់យកថ្លៃលើផ្លូវជាតិលេខ៤ គឺជាការចូលរួមចំណែកលើកកម្ពស់ ជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងជួយបង្កើន​ការប្រកួតប្រជែង របស់អ្នកនាំចេញផងដែរ តែការដឹកជញ្ជូនធ្ងន់ៗ នៅតែជាបញ្ហានាំឲ្យផ្លូវខូចធ្ងន់ធ្ងរ។ ដើម្បីបញ្ចៀសបញ្ហាទាំងនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យក្រុមហ៊ុនដឹកជញ្ជូនធ្ងន់ៗ បង្វែរទៅដឹកជញ្ជូនតាមផ្លូវដែកជំនួសវិញ៕