(ព្រះសីហនុ)៖ ឧទ្យានជាតិព្រះសីហនុ «រាម» នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ឈប់ចាញ់បោកបុគ្គលម្នាក់ឈ្មោះ សេន សាឡេស (សេន សាលេះ) ដែលបំផុសបំផុលឲ្យទៅចាប់ដីក្នុងឧទ្យានជាតិព្រះសីហនុ «រាម» និងត្រូវដកខ្លួនជាបន្ទាន់ ដើម្បីគេចផុតពីការពាក់ព័ន្ធនឹងបទល្មើស ដែលបង្កដោយបុគ្គលនោះ។

ឧទ្យានជាតិព្រះសីហនុ «រាម» បានប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ «សូមប្រជាពលរដ្ឋ ឈប់ចាញ់បោកការញុះញង់របស់ឈ្មោះ សេន សាឡេស (សេន សាលេះ) នេះបន្តទៅទៀត និងត្រូវដកខ្លួនចេញជាបន្ទាន់ ដើម្បីចៀសផុតពីការពាក់ព័ន្ធ នឹងបទល្មើសដែលបង្កដោយបុគ្គលនេះ»

មន្ត្រីឧទ្យានជាតិព្រះសីហនុ «រាម» ឲ្យដឹងថា នៅក្នុងកំឡុងឆ្នាំ២០១៧ កន្លងមក មានក្រុមអនាធិបតេយ្យមួយក្រុម ដឹកនាំដោយឈ្មោះ សេន សាឡេស បានចូលទៅកាប់រានដីព្រៃយកធ្វើជាកម្មសិទ្ធិ នៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុ «រាម» ចំណុចតាបិន (ក្បាលព្រែកកោះខ្យង) ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្រព្រឹត្តកាលឆ្នាំ២០១៧ និងត្រូវបានមន្ទីរបរិស្ថានខេត្ត កសាងសំណុំរឿងប្តឹងឈ្មោះ សេន សាឡេស និងបក្ខពួកបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុម្តងរួចមកហើយ។

ដោយឡែកកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ឈ្មោះ សេន សាឡេស ដដែល ដោយសារមិនមានការរាងចាល បានកៀរគរប្រជាពលរដ្ឋសារជាថ្មី ចូលទៅកាប់រានដីព្រៃយកធ្វើជាកម្មសិទ្ធិ នៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុ «រាម» ចំណុចតាបិន (ក្បាលព្រែកកោះខ្យង) ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុជាថ្មីម្តងទៀត ហើយត្រូវបានក្រុមមន្ត្រីឧទ្យានុរក្សធ្វើការឃាត់ខ្លួន នឹងបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងត្រូវបានតុលាការចោទប្រកាន់ពីបទ «កាប់គាស់ រុករានដីព្រៃ ឆ្ការ និងដុតព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិ និងបទរារាំងគម្រាមកំហែងដល់មន្ត្រីរដ្ឋបាលការពារ និងអភិរក្សធនធានធម្មជាតិ ក្នុងពេលបំពេញតួនាទី តាមមាត្រា៦២ ចំណុច១ មាត្រា៥៦ ចំណុច៤ និងមាត្រា៦៣ នៃច្បាប់ស្តីពីតំបន់ ការពាធម្មជាតិ» ប្រពឹត្តនៅចំណុចក្បាលព្រែកកោះខ្យង ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជាមួយគ្នានេះឈ្មោះ សេន សាឡេស និងបក្ខពួកក៏បានធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ចដូចតទៅ៖ សុខចិត្តរុះរើផ្ទះ ចេញពីដីឧទ្យានជាតិព្រះសីហនុ «រាម» ដោយខ្លួនឯង និងក្រោយពេលរុះរើផ្ទះ រួចសន្យាថា មិនមកសាងសង់ផ្ទះ ដាំដំណាំ ឬធ្វើសកម្មភាពណាមួយ នៅក្នុងតំបន់ខាងលើនេះ ឬតំបន់ផ្សេងទៀតដែលច្បាប់ហាមឃាត់ បន្តទៀតឡើយ បើសិនមិនគោរពតាមកិច្ចសន្យាខាងលើនេះទេ សុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

អ្វីដែលចំលែក និងគួរឲ្យកត់សំគាល់នោះ គឺនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ០៨៖១៥នាទីព្រឹក នៅចំណុចដើមពោធិ៍មុខវត្តបទុមវតី បានលេចមុខ ឈ្មោះ សេន សាឡេស (សេន សាលេះ) បានបំផុសបំផុលប្រជាពលរដ្ឋ ឱ្យទៅតវ៉ាសុំកិច្ចអន្តរាគមន៍ពីសម្តេចតេជោ ឲ្យជួយពន្លឿនការដោះស្រាយទាមទារយកដីរបស់រដ្ឋស្ថិតនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុ «រាម» ដែលក្រុមខ្លួនបានធ្វើការរំលោភបំពានទន្ទ្រានកាន់កាប់នាពេលកន្លងមក។ ដោយទង្វើនេះសបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ថា បុគ្គលនេះ គឺមិនចេះរាងចាល និងមានចេតនាទុច្ចរិត ក្នុងការបង្កឱ្យមានចលាចលក្នុងសង្គមយ៉ាងពិតប្រាកដ។

មន្រ្តីបានបញ្ជាក់ទៀតថា «ការប្រព្រឹត្តបទល្មើសរបស់ឈ្មោះ សេន សាឡេស ចំនួន០២លើក កាលពីឆ្នាំ២០១៧ និងឆ្នាំ២០២០កន្លងមក គឺសំណុំរឿងនៅក្នុងដៃតុលាការនៅឡើយ ដូច្នេះវាសនាបុគ្គលនេះគេចមិនផុតពីសំណាញ់ច្បាប់នោះឡើយ»