(ភ្នំពេញ)៖ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងលោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ស្នងការរងនគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំង គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះត្រួតពិនិត្យ ភោជនីយដ្ឋាន ក្លឹបកំសាន្ត និងខារ៉ាអូខេ ក្នុងមូលដ្ឋានខណ្ឌ និងបានធ្វើកំណត់ហេតុអប់រំណែនាំ ដល់ម្ចាស់ទីតាំងដែលបើកសំលេងរំខានលឺខ្លាំងៗ នៅពេលរាត្រី។

ជាលទ្ធផល រដ្ឋបាលខណ្ឌបានចុះត្រួតពិនិត្យ ចំនួន០៥ទីតាំង រួមមាន៖

*ទី១៖ ក្លឹបសម្សាន្ត អេភិច២ (បានធ្វើកំណត់អប់រំឲ្យអនុវត្តន៍តាមគោលការច្បាប់)
*ទី២៖ ក្លឹបសម្សាន្ត Heart (ពិនិត្យជាក់ស្តែងមិនមានសកម្មភាពដំណើរការ)
*ទី៣៖ ក្លឹបកម្សាន្ត ភូន ធូន (ពិនិត្យជាក់ស្តែងមិនមានសកម្មភាពដំណើរការ)។
*ទី៤៖ អាជីវកម្មយីហោ Double A ស្ថិតនៅ ក្នុងផ្សារសូរិយាមល (មានសកម្មភាពដំនើរការ ក្រោយការពិនិត្យរួចកម្លាំងគណៈបញ្ជាការឯកភាព បានធ្វើកំណត់អប់រំ ឲ្យអនុវត្តន៍តាមគោលការច្បាប់)
*ទី៥៖ អាជីវកម្មយីហោ Mo du Pub បានណែនាំឲ្យអនុវត្តន៍តាមគោលការច្បាប់។ ទន្ទឹមគ្នានេះ គណៈបញ្ជាការឯកភាពសង្កាត់ទាំង១១ ក៏បានបន្តចុះតាមទីតាំងមួយចំនួន ផ្សេងទៀតផងដែរ។

ក្នុងនោះ លោកអភិបាលខណ្ឌក៏បានណែនាំ ហាមដាច់ខាចការចាក់ភ្លេងរាំឌីស្តូ ដែលខុសនឹងគោលការណ៍ ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា, ម្ចាស់អាជីវកម្ម ត្រូវរុះរើឧបករណ៍ភ្លេងចេញទាំងអស់, ហាមការប្រគុំតន្ត្រី (Live Bang), ត្រូវបន្តគោរពអនុវត្ត តាមកាណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងករណីម្ចាស់អាជីវកម្មមិនអនុញ្ញាតាមកាណែនាំនេះ គណៈបញ្ជាការឯកភាព និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ដោយដកហូតអាជ្ញាប័ណ្ណ និងបិទទីតាំងអាជីវកម្ម ដោយចុះរុះរើឧបករណ៍ទាំងអស់យកទៅរក្សាទុកនៅរដ្ឋបាលខណ្ឌ។ ក្នុងនោះ ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខភិបាល ពីការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ដោយរក្សាគម្លាតសង្គម១.៥ម៉ែត្រ ទៅ២ម៉ែត្រ៕