(ភ្នំពេញ)៖ នៅថ្ងៃសៅរ៍ ១២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០៩:០០នាទីព្រឹក លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងជាប្រធានកិត្តិសយអនុសាខាកាកបាទក្រហមខណ្ឌដូនពេញ បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៣១គ្រួសារ ជនពិការ០៦គ្រួសារ និង អ្នកផ្ទុកមេរោគអេដស៍០៤គ្រួសារ សរុបចំនួន៤១គ្រួសារ មកពីសង្កាត់ទាំង១១ ក្នុងខណ្ឌដូនពេញ អំណោយមនុស្សធម៌រួមមាន អង្ករ០១បាវ២៥គីឡូក្រាម ទឹកត្រី១យួរ ថ្នាំដុសធ្មេញ១ឡូ រួមនិងថវិកាចំនួន២០០,០០រៀល ក្នុង១គ្រួសារ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកប្រធានកិត្តិសយអនុសាខា ក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងបានផ្សព្វផ្សាយក្រើនរំលឹកបន្ថែមអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ដល់បងប្អូនប្រជាពលរដ្ឋផងដែរ៕