(ភ្នំពេញ)៖ ការដោះស្រាយបញ្ចប់វិវាទឈរលើគោលការណ៍ឈ្នះឈ្នះសម្តេចតេជោ គឺបានផ្តល់នូវដំណោះស្រាយយុត្តិធម៍ដែលភាគីមានវិវាទទាំងអស់ទទួលយកបានដោយក្តីរីករាយ។ ករណីនេះគឺបានដោះស្រាយផ្សះផ្សាបញ្ចប់ជាស្ថាពរដោយ លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ និងជាអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានអញ្ជើញភាគីជម្លោះទាំងអស់រួមទាំងមេធាវីទាំងសង្ខាងមកពិភាក្សាផ្សះផ្សារបញ្ចប់វិវាទក្រៅប្រព័ន្ធតុលា កាលពីថ្ងៃទី ២៩ កក្កដា ឆ្នាំ២០២០ កន្លងមកនេះ។

រឿងរ៉ាវដ៏ស្មុគ្រស្មាញនេះបានកើតឡើងរាំរ៉ៃអស់រយៈពេល២ឆ្នាំ ហើយភាគីទាំងពីរបានព្យាយាមចរចារដោយផ្ទាល់ផង នឹងតាមរយៈមេធាវីផង ព្រោះតែមិនចង់ក្តីក្តាំគ្នាក្នុងតុលាការ។ ភាគីដែលមានក្នុងវិវាទនេះគឺមាន លោក ស៊ុយ វុទ្ធី (អតីតមន្រ្តីនគរបាលផ្នែកចរាចរណ៍ផ្កាយ២) និងប្រជាពលរដ្ឋចំនួន ៥ គ្រួសារ (ស៊ឹម ផល្លា ស៊ឹម សេងអូន ស៊ឹម ចាន់ថូ ស៊ឹម សុធី (ស្លាប់) និង ឡេង វិជ្ជា) លើដីទំនាស់ប្រមាណជាង ២៤ហិកតា ស្ថិតនៅ ភូមិតេជោក្បាលដំរី ឃុំ តេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ។ លោកស្រី ស៊ឹម ផល្លា បានចោទថា លោក ស៊ុ យវុទ្ធី បានកាន់កាប់ប័ណ្ណដី (ប្លង់រឹង)កម្មសិទ្ធរបស់គាត់ដោយខុសច្បាប់។ លោក ស៊ុយ វុទ្ធី បានបដិសេធថាមិនពិត។ ម្នាក់ៗប្តឹងផ្តល់គ្នារកត្រូវរៀងៗខ្លួន ទើបគ្មានដំណោះស្រាយអ្វី។

នៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២០ នៅពេលដែលភាគី៥គ្រួសារ បានទទូចសុំប័ណ្ណដីរបស់ពួកគាត់ពី លោក ស៊ុយ វុទ្ធី មកកាន់កាប់វិញ ប៉ុន្តែ លោក ស៊ុយ វុទ្ធី មិនព្រមអោយ ដោយសំអាងថាភាគី៥ គ្រួសារបានយល់ព្រមអោយគាត់រួចហើយ ។ តែភាគី៥ គ្រួសារថាមិនពិតទេ មិនដែលមាននរណាយកប្លង់ដីខ្លួនទៅអោយគេ ពួកគាត់ថានោះជាល្បិចកលលោក ស៊ុយ វុទ្ធី។

ពួកគាត់ទាំងអស់គ្នារួមទាំង លោក ស៊ុយ វុទ្ធី បានទទួលបណ្ណដីក្នុងអំឡុងពេលដែលនិស្សិតចុះវាស់វែងតាំងពីខែ ០៩ ឆ្នាំ ២០១៣ ។ តាមការបញ្ជាក់ពី លោកស្រី ស៊ឹម ផ្លា អំពីដើមចមនៃបញ្ហា គឺលោក ស៊ុយ វុទ្ធី បានប្រាប់គ្រួសារទាំង៥ ថានឹងជួយរៀបចំដីធ្លីគាត់យកទៅអភិវឌ្ឍន៍ជាចំការស្វាយ ហើយគាត់សុំប្លង់ដីពិនិត្យមើលទំហំដី បន្ទាប់មកគាត់ក៏ទុកបណ័្ណ (០២)ប្លង់នៅនឹងខ្លួនគាត់ ហើយអោយ(០៣)ប្លង់មកម្ចាស់ដើមវិញ។

ក្នុងពេលនោះដែរ លោក ស៊ុយ វុទ្ធី បានខ្ចីលុយ គ្រួសារទាំង៥ ចំនួន $35,000 ដែលសន្យាថានឹងសងវិញឆាប់ៗ។ ប៉ុន្តែសងបានតែ $5,000 មកទល់សព្វថ្ងៃ។ ដីទាំង៥ ប្លង់នោះគឺសរុបមានចំនួន ១៦,ហិកតា៩០អា។ បន្ទាប់មកដោយសារមានលុយមិនគ្រប់ធ្វើចំការ លោក ស៊ុយ វុទ្ធី បានសុំគ្រួសារទាំង៥ យកប្លង់ដីមួយប្លង់ទៅបញ្ចាំធនាគារ ។

ការរកស៊ីធ្វើចំការស្វាយជាមួយគ្នារវាងភាគីទាំង២បានឈានដល់ការបែកបាក់មិនទុកចិត្តគ្នាដោយសាររឿងខ្ចីលុយមិនសង ហើយមិនអោយប្លង់ដីមកវិញ ក៏បានប្តឹងផ្តល់គ្នា មកទល់សព្វថ្ងៃ។ ដោយសារសារមើលទៅមិនអាចយកប័ណ្ណដីមកវិញបាន ក្រុមគ្រួសាររទាំង៥ បានដាក់លិខិតគោរពសុំការជួយសណ្តោសពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី ២៥ ខែ ឧសភា ២០២០។

លោក ដួង តារា ជំនួការផ្ទាល់សម្តេចតេជោ បានទាក់ទងទៅលោកអភិបាលស្រុកឈូក ឈ្មោះ ខៀវ រិទ្ធិភ័ណ្ឌ ដើម្បីជួយពិនិត្យកឬណីខាងលើ។ ទន្ទឹមនឹងនោះ ដែរអាជ្ញាធរស្រុកក៏បានចុះពិនិត្យទីតាំងដី ហើយបានវាស់វែងព្រំដី ទាំង២ភាគីសារជាថ្មី ។ លោកអភិបាលស្រុកបានព្យាយាមហៅលោក ស៊ុយ វុទ្ធី មកសម្របសម្រួលប្រគល់ប័ណ្ណដីអោយម្ចាស់គេវិញ តែគាត់នៅតែមិនព្រម ដោយសំអាងថាម្ចាស់ដីបានយល់ព្រមប្រគល់អោយគាត់ហើយ។ នៅក្នុងពេលសម្របសម្រួលដោយអាជ្ញាធរស្រុក លោក ស៊ុយ វុទ្ធី បានដាក់ពាក្យទៅមន្រ្តីប៉េអ៊ឹមខេត្តកំពតអោយកោះហៅភាគីទាំង៥ គ្រួសារទៅសួរចម្លើយជាមួយពាក្យសំដីគម្រាមដែលបង្កការភ័យខ្លាចកាន់តែខ្លាំងដល់ភាគី៥ គ្រួសារ ។

មន្ត្រីប៉េអិមខេត្តបានហៅគ្រួសារទាំង៥ សួរនាំហើយក៏ស្ងាត់បាត់ទៅ ព្រោះក្នុងពេលនោះ លោក ដួង តារា បានទាក់ទងពន្យល់ទៅមេប៉េអ៊ឹមខេត្តកំពតអោយបានយល់ច្បាស់ពីករណី៥គ្រួសារខាងលើ មិនត្រូវធ្វើអ្វីដែលបង្កការភ័យខ្លាចដល់ពលរដ្ឋឡើយ។ ទន្ទឹមនឹងនោះដែរ ភាគីលោក ស៊ុយ វុទ្ធី មានបងប្អូនសុទ្ធតែជាមេធាវីការពារក្តីអោយរូបលោកផ្ទាល់ក្នុងនោះក៏មានបងប្រុសបង្កើតជាមេធាវី ស៊ុយ ឈុនហាក់ ដែលជាមេធាវីប្រចាំបញ្ជាការដ្ឋានអង្គរក្សផងដែរ ដែលធ្វើអោយភាគី៥គ្រួសារកាន់តេភ័យខ្លាំងថាមិនអាចមានយុត្តិធម៍សម្រាប់ពួកគាត់ឡើយ។

នៅថ្ងៃទី២៩ ខែ កក្កដា កន្លងទៅនេះ លោក ដួង តារា បានអញ្ជើញលោកចៅហ្វាយស្រុកឈូក ខៀវ រិទ្ធិភ័ណ្ឌ លោកមេធាវីតំណាងភាគីទាំងអស់ និងគូភាគីទាំងពីរ មកសម្របសម្រួលផ្សះផ្សាអស់មួយព្រឹកធំដោយក្នុងនោះក៏មានការចូលរួមសម្របសម្រួលពីលោកមេធាវី ស៊ុយ ឈុនហាក់ ផងដែរ ទើប ឈានទៅដល់ការសម្រេចបញ្ចប់វិវាទជាស្ថាពរទាំងស្រុង។ ជាលទ្ធផល គឺភាគីគ្រួសារទាំង៥ បានយល់ព្រមដោះដូរទទួលយកដីជាកម្មសិទ្ធិរបស់លោក ស៊ុយ វុទ្ធី នៅទីតាំងថ្មីចំនួន ១៤ ហិកតា ហើយយល់ព្រមកាត់ឈ្មោះប្រគល់ប័ណ្ណដីទាំង៥ អោយទៅលោក ស៊ុយ វុទ្ធី ព្រោះដីទាំង៥ប្លង់នោះនៅជាប់នឹងដីលោកវុទ្ធីស្រាប់ដែលងាយស្រួល ក្នុងការពង្រីកដំណាំចំការស្វាយ។

ភាគីទាំង៥ គ្រួសារ ក៏បានយល់ព្រមមិនទារលុយដែល លោក ស៊ុយ វុទ្ធី ជំពាក់ទាំងអស់ដោយធ្វើការសម្បទានជាដីអោយគ្នាទៅវិញទៅមក ដោយមានបញ្ជាក់ពីអភិបាលស្រុកឈូកអំពីដីនៅទីតាំងថ្មីដែលត្រូវដោះដូរអោយមកគ្រួសារទាំង៥ គឺពិតជាដីលោក ស៊ុយ វុទ្ធី ពិតប្រាកដមែន។ ក្រោយពីផ្តិតមេដៃលើកិច្ចព្រមព្រៀងបញ្ចប់វិវាទនេះហើយ ខាងអាជ្ញាធរនឹងចូលរួមជួយរៀបចំប័ណ្ណដីជូនភាគីទាំងពីរ។

ភាគីទាំង៥គ្រួសារ ដែលតំណាងដោយលោកស្រី ស៊ឹម ផល្លា រួមទាំងគ្រួសារ លោក ស៊ុយ វុទ្ធី និងមេធាវី ស៊ុយ ឈុនហាក់ មានសេចក្តីរីករាយយ៉ាងខ្លាំងដែលគ្រប់គ្នាទទួលបានដំណោះស្រាយសមរម្យទាំងសង្ខាង ក្រោមគោលការណ៍ ឈ្នះឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។ ពួកគាត់បានគោរពអរគុណសម្តេចតេជោយ៉ាងខ្លាំងហើយសន្យានឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ៗអាណត្តិ។

លោក ដួង តារា បានអរគុណដល់ភាគីទាំងពីរដែលបានយល់ព្រមបញ្ចប់វិវាទឈរលើដំណោះស្រាយឈ្នះឈ្នះ និងបានអរគុណដល់លោកអភិបាលខេត្តកំពត អភិបាលស្រុកឈូក ប្រធានសុរិយោដីខេត្តកំពត ព្រមទាំងក្រុមមេធាវីស្ម័គ្រចិត្តទាំងអស់ និងក្រុមការងារ ដែលបានលះបង់គ្រប់យ៉ាងដើម្បីចូលរួមរកដំណោះស្រាយបញ្ចប់វិវាទដែលមានរយៈពេល២ឆ្នាំមកនេះបានចប់ជាស្ថាពរ។

លោក ដួង តារា បានគោរពអរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី យ៉ាងជ្រាលជ្រៅបំផុតដែលសម្តេចលោកតែងតែយកចិត្តទុកដាក់ផ្តល់នូវក្តីស្រឡាញ់ មេត្តា និងសណ្តាសប្រណីដល់ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជាពិសេសពលរដ្ឋដែលរងទុក្ខអោយទទួលបាននូវយុត្តិធម៌ និងដំណោះស្រាយសមរម្យគ្រប់ៗគ្នាទទួលយកដោយក្តីរីករាយដូចករណីវិវាទខាងលើនេះ។ លោក ដួង តារា បានគោរពជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមានសុខភាពល្អរឹងមាំជាម្លប់ដ៏កក់ក្តៅបំផុតសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស៕