(ភ្នំពេញ)៖ បទល្មើស គឺជាអំពើទាំងឡាយណាដែលបានប្រព្រឹត្តដោយបុគ្គលណាម្នាក់ ឬច្រើនអ្នក ហើយអំពើនោះទៀតសោត បានបង្កឱ្យមានភាពចលាចល ខូចសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ អសន្តិសុខនៅក្នុងសង្គម ជាដើម។

ការប្រព្រឹត្តបទល្មើសច្រើនអាចកើតមានឡើងក្នុងករណីច្រើនបែបច្រើនយ៉ាង ដោយឡែកប្រសិនបើជនល្មើសបានប្រព្រឹត្តបទល្មើសជាច្រើនក្នុងពេលតែមួយ ឬក្នុងពេលខុសៗគ្នា ដោយជនល្មើសបានប្រព្រឹត្តបទល្មើសមួយហើយមួយទៀត នៅមុនពេលតុលាការបានផ្តន្ទាទោសជនល្មើសនោះជាស្ថាពរ។ ក្នុងករណីនេះគេចាត់ទុកថាជាបទល្មើសត្រួតគ្នា ដែលចាំបាច់ត្រូវតែយកវិធាននៃបទល្មើសត្រួតគ្នាមកអនុវត្តទៅលើជនល្មើស។

ដើម្បីឱ្យយល់កាន់តែច្បាស់ថាតើអ្វីទៅជា «បទល្មើសត្រួតគ្នា» ? ហើយចំពោះជនដែលបាន ប្រព្រឹត្តបទល្មើសត្រួតគ្នានេះផងដែរ តើច្បាប់នឹងមានវិធានការអ្វីខ្លះសំរាប់ការអនុវត្តទៅលើជន ដែលបានប្រព្រឹត្តបទល្មើសប្រភេទនេះ?

ដូច្នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាព FRESH NEWS ក្រោមកិច្ចសហការជាមួយ ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «បទល្មើសត្រួតគ្នា» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖

ដោយយោងទៅតាមមាត្រា ១៣៦ នៃក្រមព្រហ្មទណ្ឌក៏បានចែងថា៖ «មានបទល្មើសត្រួតគ្នាកើតឡើង កាលបើបទល្មើសមួយត្រូវបានប្រព្រឹត្តដោយបុគ្គលម្នាក់ មុនពេលដែលបុគ្គល នេះត្រូវបានផ្ដន្ទាទោសជាស្ថាពរចំពោះបទល្មើសមួយផ្សេងទៀត»

បទល្មើសត្រួតគ្នាគឺចង់សំដៅដល់ស្ថានភាពមួយដែលបុគ្គលម្នាក់បានប្រព្រឹត្តបទល្មើសណាមួយ មុនពេលដែលបុគ្គលនោះត្រូវបានផ្តន្ទាទោសជាស្ថាពរចំពោះបទល្មើសមួយផ្សេងទៀត ពោលគឺប្រសិនបើបុគ្គលណាម្នាក់បានប្រព្រឹត្តបទល្មើសទី១ ហើយមិនទាន់មានសេចក្តីសម្រេចផ្តន្ទាទោសជាស្ថាពរណាមួយនៅឡើយ បុគ្គលនោះបានប្រព្រឹត្តបទល្មើសទី២ ផ្សេងទៀត នោះរាល់បទល្មើសដែលមានទម្រង់ និងរូបភាពបែបនេះត្រូវបានគេស្គាល់ថាជាបទល្មើសត្រួតគ្នា។

ចំណែកឯនៅក្នុងបទល្មើសត្រួតគ្នានេះ ត្រូវបានគេប្រើប្រាស់វិធានទូទៅចំនួនពីរ ដើម្បីយកមកអនុវត្តទៅលើជនល្មើស ដែលមានដូចជា ការចោទប្រកាន់តែមួយ និង ការចោទប្រកាន់ដាច់ពីគ្នា។ ក៏ប៉ុន្តែក្នុងករណីពិសេស ក្រមព្រហ្មទណ្ឌតម្រូវឱ្យធ្វើការបូកទោសបញ្ចូលគ្នា ដោយមិនចាំបាច់ពិចារណាថាជាការចោទប្រកាន់តែមួយ ឬ ការចោទប្រកាន់ដាច់ពីគ្នានោះទេ។

១/ការចោទប្រកាន់តែមួយ៖ សំដៅដល់ស្ថានភាពមួយដែលក្នុងនោះបទល្មើសត្រួតគ្នាទាំងអស់ត្រូវបានចោទប្រកាន់នៅក្នុងលិខិតចោទប្រកាន់តែមួយ ដោយស្ថាប័នអយ្យការ (ព្រះរាជអាជ្ញា) ដូចជា នៅក្នុងកំណត់ហេតុស្ដីពីការបង្ហាញខ្លួនភ្លាមតែមួយ ឬនៅក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរតែមួយ ឬនៅក្នុងដីកាកោះហៅបញ្ជូនរឿងទៅជំនុំជម្រះតែមួយជាដើម។ នៅក្នុងករណីដែលមាន ការចោទប្រកាន់តែមួយ លើបទល្មើសត្រួតគ្នា តុលាការត្រូវអនុវត្តវិធានការនៃការស្រូបទោស ដោយស្វ័យប្រវត្តិតាមមាត្រា ១៣៧ នៃក្រមព្រហ្មទណ្ឌ។

ឧទាហរណ៍៖ បុគ្គល “ក” បានប្រព្រឹត្តបទល្មើសចំនួន២ ដែលមានដូចជា បទហិង្សាដោយចេតនា ដែលទោសដាក់ពន្ធនាគារកំណត់យក ៣(បី) ឆ្នាំ និងពិន័យជាប្រាក់ ៦.០០០.០០០ (ប្រាំមួយលាន) រៀល និង បទគំរាមកំហែង ដែលទោសដាក់ពន្ធនាគារកំណត់យក ៦(ប្រាំមួយ) ខែ និងពិន័យជាប្រាក់ ១.០០០.០០០ (មួយលាន) រៀល។ ក្នុងករណីនេះ តុលាការត្រូវប្រកាសទោសតែមួយប៉ុណ្ណោះ ចំពោះប្រភេទនៃទោសដាក់ពន្ធនាគារ និងប្រកាសទោសតែមួយចំពោះប្រភេទនៃទោសពិន័យជាប្រាក់ នៅក្នុងព្រំដែននៃអតិបរមាស្របច្បាប់ដែលខ្ពស់ជាងគេ។ ដូចនេះបុគ្គល “ក” ត្រូវទទួលរងនូវការអនុវត្តទោសដាក់ពន្ធនាគារជាអតិបរមាត្រឹម ៣(បី) ឆ្នាំ និងពិន័យជាប្រាក់៦.០០០.០០០ (ប្រាំមួយលាន) រៀល។

២/ការចោទប្រកាន់ដាច់ពីគ្នា៖ សំដៅដល់ស្ថានភាពមួយ ដែលស្ថាប័នអយ្យការ (ព្រះរាជអាជ្ញា) សម្រេចចោទប្រកាន់ចំពោះបទល្មើសផ្សេងគ្នាតាមរយៈ កំណត់ហេតុស្ដីពីការបង្ហាញខ្លួនភ្លាម ឬនៅក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ ឬនៅក្នុងដីកាកោះហៅបញ្ជូនរឿងទៅជំនុំជម្រះ ជាដើម។ នៅពេលដែលជនល្មើសត្រូវបានគេរកឃើញថាបានប្រព្រឹត្តបទល្មើសច្រើន ក្នុងករណីដែលមានបទល្មើសត្រួតគ្នានៅក្នុងពេលដែលតុលាការធ្វើការចោទប្រកាន់ដាច់ពីគ្នា ទោសអាចត្រូវអនុវត្តត្រួតគ្នា ឬក៏ត្រូវប្រកាសឱ្យស្រូបបញ្ចូលគ្នា អាស្រ័យទៅលើស្ថានភាព នៃបទល្មើសរបស់ជនល្មើសបានប្រព្រឹត្តផងដែរ។ ហើយចំពោះទោសដែលត្រូវប្រកាស ត្រូវអនុវត្តត្រួតគ្នានៅក្នុងព្រំដែននៃអតិបរមាស្របច្បាប់ដែលខ្ពស់ជាងគេ ។

ឧទាហរណ៍៖ បុគ្គល “ខ” បានប្រព្រឹត្តបទល្មើសនៅក្នុងស្ថានភាពបទល្មើសត្រួតគ្នា ដែលរួមមាន ប្រព្រឹត្តបទលើ្មស បទរំលោភដោយសេពសន្ថវៈ ដែលទោសដាក់ពន្ធនាគារកំណត់យក ៥(ប្រាំ) ឆ្នាំ និងបទឃាតកម្ម ដែលទោសដាក់ពន្ធនាគារកំណត់យក ១៥(ដប់ប្រាំ) ឆ្នាំ។ នៅក្នុងករណីនេះបុគ្គល “ខ” ត្រូវបានចោទប្រកាន់នៅក្នុងសំណុំរឿងចំនួន ២ ដាច់ពីគ្នា ហើយតុលាការបាន សម្រេចផ្តន្ទាទោសតាមសាលក្រម ឬ សាលដីកាស្ថាពរចំនួន ២ ដាច់ពីគ្នាផងដែរ ដោយត្រូវអនុវត្តតាមមាត្រា ១៣៨ នៃក្រមព្រហ្មទណ្ឌ ដូចនេះបុគ្គល “ខ” ត្រូវទទួលរងនូវការអនុវត្តទោស ដាក់ពន្ធនាគារជាអតិបរមាត្រឹម ១៥(ដប់ប្រាំ) ឆ្នាំ ។

៣/ការបូកទោសបញ្ចូលគ្នា៖ គឺជាវិធានដែលត្រូវយកមកអនុវត្តចំពោះបទល្មើសត្រួតគ្នា ទោះនៅក្នុងនីតិវិធីនៃការចោទប្រកាន់តែមួយ ឬ ក៏នៅក្នុងនីតិវិធីនៃការចោទប្រកាន់ដាច់ពីគ្នាក៏ដោយ ចំពោះវិធាននេះបានបញ្ញត្តិនៅក្នុងមាត្រា ១៤០ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ ការបូកបញ្ចូលគ្នានៃទោស ក៏ត្រូវយកទៅអនុវត្ត នៅក្នុងករណីក្រៅពីស្ថានភាពនៃបទល្មើសត្រួតគ្នា ជាអាទិ៍ ដោយក្នុងករណីដែលមានការដកហូតការព្យួរទោស ដោយសារមានការផ្ដន្ទាទោសថ្មីតាមលក្ខខណ្ឌផងដែរ។ហើយចំពោះករណីទាំងនេះ ទោសទី១ ត្រូវអនុវត្តដោយបូកបញ្ចូលគ្នាជាមួយទោសទី២ ដោយគ្មានការស្រូបចូលគ្នា ឬត្រួតគ្នាឡើយ។ ដូចជាទោសពិន័យដែលត្រូវប្រកាសចំពោះបទលហុ មិនអាចយកទៅស្រូបបញ្ចូលគ្នាជាមួយនឹងទោសពិន័យដែលបានប្រកាសឡើងចំពោះបទលហុ ឬបទមជ្ឈិម ឬ បទឧក្រិដ្ឋផ្សេងទៀតឡើយ។

ឧទាហរណ៍៖ បុគ្គល “គ” បានប្រព្រឹត្តបទល្មើសចំនួន២ ដែលមានដូចជា បទបរិហាកេរ្តិ៍ជាសាធារណៈ ដែលទោសពិន័យជាប្រាក់កំណត់យក ១០០.០០០ (មួយសែន) រៀល និង បទញុះញង់អនីតិជនឱ្យបរិភោគគ្រឿងស្រវឹង ដែលទោសដាក់ពន្ធនាគារកំណត់យក ២(ពីរ) ឆ្នាំ និងពិន័យជាប្រាក់ ៤.០០០.០០០ (បួនលាន) រៀល។

បទបរិហាកេរ្តិ៍ជាសាធារណៈ ជាបទលហុ ចំពោះទោសពិន័យដែលត្រូវប្រកាសឡើងពីបទបរិហាកេរ្តិ៍ជាសាធារណៈនេះ ត្រូវយកទៅបូកជាមួយនឹងទោសពិន័យដែល ត្រូវប្រកាសពីបទញុះញង់អនីតិជន ឱ្យបរិភោគគ្រឿងស្រវឹង ដូចនេះតុលាការអាចប្រកាសទោសដាក់ពន្ធនាគារចំនួន ២(ពីរ) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤.១០០.០០០ (បួនលានមួយសែន) រៀល ទៅលើជនល្មើសបាន។

សរុបមក បទល្មើសត្រួតគ្នា គឺជាបទល្មើស ដែលជនណាម្នាក់បានប្រព្រឹត្តបទល្មើសមួយរួចមកហើយ និងមិនទាន់បានចេញសេចក្ដីសម្រេចជាស្ថាពរពីតុលាការនៅឡើយ បន្ទាប់មកជននោះបាន ទៅប្រព្រឹត្តបទល្មើសមួយផ្សេងទៀត ហើយចំពោះការផ្ដន្ទាទោស ករណីបែបនេះគឺគោលការណ៍ច្បាប់បានកំណត់យកវិធានមួយចំនួនដូចបានរៀបរាប់ខាងលើ ដើម្បីយកមកអនុវត្តទៅលើ ជនល្មើសផងដែរ។

រៀបរៀងដោយ៖ កញ្ញាមេធាវី មាស រ៉ាវីន និងលោក រៀម គីមឡេង ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕