(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក John Kerry នឹងអញ្ជើញមកដល់កម្ពុជានៅល្ងាចថ្ងៃនេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅកម្ពុជា។ ដំណើរទស្សនកិច្ចលើកដំបូងរបស់រដ្ឋមន្រ្តីការបរទេសអាមេរិក ត្រូវបានក្រសួងការបរ ទេសកម្ពុជាបញ្ជាក់ថា ធ្វើឡើងដើម្បីជំរុញ និង ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងកម្ពុជា-អាមេរិក។

សម្រាប់ក្រុមអ្នកវិភាគវិញ បានមើលឃើញថា ដំណើរលើកដំបូងរបស់លោក John Kerry មកកាន់កម្ពុជា ក្រោយឡើងកាន់តំ ណែងរដ្ឋមន្រ្តីការបរទេសអាមេរិក និង ជាដំណើរធ្វើឡើងមុនពេលកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅកាលីហ្វ័រញ៉ា តែប៉ុន្មានថ្ងៃនេះ មិនត្រឹមតែជាការពង្រឹងទំនាក់ទំនង រវាងកម្ពុជា-អាមេរិកនោះទេ តែវាអាចពាក់ព័ន្ធបញ្ហាក្នុងតំបន់ រួមមានជម្លោះសមុទ្រចិនខាងត្បូងផងដែរ តែក៏ជាឱកាសសម្រាប់ កម្ពុជា ប្រើភាពប៉ិនប្រសប់ពង្រីកទំនាក់ទំនងជាមួយប្រទេសមហាអំណាចពិភពលោកមួយនេះ។

សេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក John Kerry នៅថ្ងៃទី២៥-២៦ ខែមករា នេះ លោក John Kerry នឹងជួបសំណេះសំណាលការងារជាមួយឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ព្រមទាំងចូលជួបសម្តែងការគួរសម ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាផងដែរ។ ក្រៅពីជួបជាមួយប្រមុខដឹកនាំ និងមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា លោក John Kerry ក៏នឹងជួបជាមួយប្រធានស្តីទីគណបក្សប្រឆាំងនៅកម្ពុជា លោក កឹម សុខា ផងដែរ។ ជំនួបជាមួយលោក កឹម សុខា ត្រូវបានគេរំពឹងថា អាចនឹងលើកឡើងពីបញ្ហាសិទ្ធិមនុស្ស និងសិទ្ធសេរីភាព នៃការបញ្ចេញមតិ ក៏ដូចជាការជាប់ពន្ធនាគាររបស់មន្រ្តី និងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ។

ដំណើរមកកាន់ប្រទេសឥណ្ឌូចិន កម្ពុជា និងឡាវ ដែលសុទ្ធសឹងជាប្រទេសមានទំនាក់ទំនងស្អិតល្មួតជាមួយប្រទេសចិន នៅមុនកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន នាថ្ងៃទី១៥-១៦ ខែកុម្ភៈ នៅរដ្ឋកាលីហ្វ័រញាសហរដ្ឋអាមេរិកនេះ នាំឲ្យក្រុមអ្នកវិភាគមើលឃើញថា ដំណើរទស្សនកិច្ចរបស់លោក John Kerry មិនត្រឹមតែការពង្រឹងទំនាក់ទំនងជាមួយកម្ពុជា ឬឡាវ នោះឡើយ តែក៏អាចមាន ការបញ្ចុះបញ្ចូលណាមួយដើម្បីឲ្យប្រទេស ទាំងពីរនេះ គាំទ្រវត្តមានរបស់អាមេរិកនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាពិ សេសនៅក្នុងតំបន់អាស៊ានតែម្តង ខណៈប្រទេសសមាជិកអាស៊ានស្ទើរទាំងអស់ហើយ បានមានសមានចិត្តខ្លាំងជាមួយអាមេរិក លើកលែងតែកម្ពុជា និងឡាវ ប៉ុណ្ណោះ មានសមានចិត្តខ្ពស់ជាមួយប្រទេសចិន។

អ្នកប្រវត្តិសាស្រ្ត និងជាអ្នកវិភាគនយោបាយមួយរូបនៅកម្ពុជា លោក សុខ ទូច បានមើលឃើញថា ដំណើរទស្សនកិច្ចរបស់លោក John Kerry មកកម្ពុជា អាចពាក់ព័ន្ធភូមិសាស្រ្តនយោបាយ និង បញ្ហានយោបាយនៅកម្ពុជាផងដែរ។

លោក សុខ ទូច បានថ្លែងប្រាប់ Fresh News ថា លោក John Kerry អាចនិងមានការបញ្ចុះបញ្ចូលកម្ពុជាឲ្យគាំទ្រដល់វត្តមាន របស់អាមេរិក នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាពិសេសបញ្ហាក្នុងតំបន់អាស៊ាន ក៏ដូចជាជម្លោះដែនសមុទ្រចិនខាងត្បូង ដោយអាមេរិកមិនចង់ឲ្យកម្ពុជា មានការទោទន់ខ្លាំងទៅរកប្រទេសចិន ដែលជាដៃគូប្រជែងអំណាចលើពិភពលោករបស់អាមេរិកនោះ។

លោក អ៊ូ វីរៈ ប្រធានអង្គការវេទិកាអនាគត ក៏បានមើលឃើញដូចលោក សុខ ទូច ផងដែរ។ លោក អ៊ូ វីរៈ បានប្រាប់ Fresh News ថា ដំណើរទស្សនកិច្ចរបស់លោក John Kerry នឹងមានការពិភាក្សាអំពីជំនួបរវាងប្រមុខរដ្ឋអាស៊ាន និង ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ហើយក៏នឹងមានការពិភាក្សាអំពីបញ្ហាជម្លោះសមុទ្រចិនខាងត្បូង ជាមួយប្រទេសសមាជិកអាស៊ានផងដែរ។

បញ្ហាជម្លោះដែនសមុទ្រចិនខាងត្បូង លោក អ៊ូ វីរៈ បានមើលឃើញថា អាមេរិកចង់ឲ្យកម្ពុជា រក្សាខ្លួនឲ្យនៅកណ្តាល ដោយមិនមានទំនោរទៅភាគីណាមួយ។

កម្ពុជា និងអាមេរិក បានភ្ជាប់ទំនាក់ទំនងជាមួយគ្នាតាំងពីឆ្នាំ១៩៥៥ ក្រោយពេលកម្ពុជា បានទទួលឯករាជ្យពីប្រទេសបារាំង។ តែទំនាក់ទំនងកម្ពុជា-អាមេរិក ហាក់លិចអណ្តែតមិនទៀងទាត់ និងបានកាត់ផ្តាច់ទំនាក់ ទំនងជាមួយគ្នាចំនួនពីរដង នៅក្នុងឆ្នាំ១៩ ៦៥ និងក្នុងរបបកម្ពុជា ប្រជាធិបតេយ្យរបស់ប៉ុលពត។

ដំណើរទស្សនកិច្ចរបស់លោក John Kerry មកកម្ពុជាលើកនេះ ត្រូវបានគេមើលឃើញថា អាចជាឱកាសជួយជំរុញទំនាក់ទំនង រវាងកម្ពុជា-អាមេរិក ឲ្យកាន់តែប្រសើរ តែក៏មានការព្រួយបារម្ភខ្លាចមានការប៉ះពាល់ ដល់ទំនាក់ទំនងកម្ពុជា-ចិន ដែលជាទំនាក់ទំនងចាក់ទឹកមិនលិចនោះផងដែរ។ ទាំងចិន និង អាមេរិក គឺសុទ្ធតែជាប្រទេសមហាអំណាច ដែលមានប្រយោជន៍ចំពោះកម្ពុជា ដូច្នេះការពង្រឹងទំនាក់ទំនង ជាមួយប្រទេសទាំងពីរនេះ មិនអាចអត់ប្រទេសណាមួយបាននោះឡើយ។

លោក សុខ ទូច បានមើលឃើញថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាពេលបច្ចុប្បន្ននេះ កំពុងប្រើនយោបាយការបរទេសតាមរូបមន្តផ្កាចម្រុះពណ៌ ដែលជាប្រការល្អមួយសម្រាប់កម្ពុជា។ លោក សុខ ទូច បានថ្លែងថា កម្ពុជា មិនអាចឱបជើងមហាអំណាចណាមួយផ្តាច់មុខនោះឡើយ ព្រោះប្រទេសមហាអំណាចមិនដែលមើលឃើញប្រយោជន៍ប្រទេសតូចតាច ជាងផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ ហើយព្រោះតែនយោបាយគាំទ្រប្រទេសមហាអំណាចផ្តាច់មុខ បាននាំឲ្យកម្ពុជា វិនាសជាបន្តបន្ទាប់កាលពីអតីតកាល។

លោក សុខ ទូច បានបញ្ជាក់ថា «មហាអំណាចមិនដែលគិតពីប្រយោជន៍ប្រទេសតូចតាចទេ។ គឺតែងតែគិតពីប្រយោជន៍របស់ខ្លួន ចឹងប្រទេសតូចតាចត្រូវមានភាពឈ្លៀសវៃ ដើម្បីដោះស្រាយ និងរក្សាលំនឹងនយោបាយរបស់ខ្លួន។ កម្ពុជា មិនអាចឈានទៅចិន រុស្ស៊ី ឬអាមេរិកបានទេ ប្រវត្តិសាស្រ្តបានបង្ហាញ ពេលកម្ពុជា ឱបអាមេរិក គ្រាប់បែកជាច្រើនត្រូវបានទម្លាក់លើទឹកដីកម្ពុជា ឱបចិន ពលរដ្ឋខ្មែររាប់លាននាក់ បានស្លាប់បាត់បង់ជីវិត ឱបរុស្ស៊ី ត្រូវបានហ៊ុមព័ទ្ធសេដ្ឋកិច្ច។ បទពិសោធន៍ទាំងនេះ ត្រូវសិក្សាធ្វើយ៉ាងណាឲ្យកម្ពុជា គេចផុតពីគ្រោះមហន្តរាយទាំងអស់នេះ។ ចឹងទេអ្នកណា ក៏ជាមិត្តកម្ពុជា បើយើងមានផលប្រយោ ជន៍ដូចគ្នា តែបើអ្នកឯងដើរលើយើង យើងសូមពិចារណា»

ទស្សនៈមិនខុសពីលោក សុខ ទូច ដែរនោះ លោក អ៊ូ វីរៈ បានបញ្ជាក់ថា កម្ពុជា ត្រូវតែចាប់យកទាំងអស់ នូវទំនាក់ទំនងរបស់ប្រ ទេសមហាអំណាច តែមិនត្រូវក្លាយជាឧបករណ៍របស់ប្រទេសណាមួយនោះឡើយ។

លោក អ៊ូ វីរៈ បានថ្លែងយ៉ាងដូច្នេះ «ប្រសិនបើយើងមិនប្រយ័ត្ន យើងនឹងក្លាយជាឧបករណ៍របស់ប្រទេសមហាអំណាច។ កម្ពុជា ត្រូវរៀនរស់ដោយខ្លួនឯង យើងទទួលជំនួយទាំងចិន អាមេរិក និង សហគមន៍អឺរ៉ុប ប៉ុន្តែមិនត្រូវក្លាយជាឧបករណ៍គេទេ ជំនួយ មិនពាក់ព័ន្ធជម្លោះពិភពលោកចាំយើងយក ជំនួយដោះដូរកម្ពុជា ជាមួយជម្លោះពិភពលោក យើងកុំយកឲ្យសោះ។ ប្រសិនបើធ្វើ ចឹងបាន យើងអាចរក្សាឯករាជ្យភាព និងចៀសផុតពីជម្លោះ ដែលធ្លាប់ជួប»

បើទោះជាយ៉ាងណាលោក សុខ ទូច និងលោក អ៊ូ វីរៈ មានទស្សនសុទិដ្ឋិនិយមថា ដំណើររបស់ John Kerry មកកម្ពុជា គឺជារឿង ដ៏ល្អ សម្រាប់ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ តែកម្ពុជា-អាមេរិក ត្រូវមានការសម្បទានឲ្យគ្នាខ្លះ ដើម្បីជំរុញទំនាក់ទំនងឲ្យ កាន់តែល្អ។

សូមបញ្ជាក់ថា កម្ពុជា-អាមេរិក បានភ្ជាប់ទំនាក់ទំនងនៅចន្លោះឆ្នាំ១៩៥៥-១៩៦៣ សហរដ្ឋអាមេរិក បានផ្ដល់ជំនួយដល់កម្ពុជា សម្រាប់អភិវឌ្ឍវិស័យសេដ្ឋកិច្ចជិត ៤១០លានដុល្លារ និងជួយដល់វិស័យកងទ័ពជាង ៨៣លានដុល្លារអាមេរិក។ ជំនួយទាំងនេះសម្រាប់ស្ដារប្រទេសកម្ពុជាឡើងវិញ ក្រោយពីសង្គ្រាមត្រជាក់ និង បន្ទាប់ពីទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង ក្នុងនោះជួយលើកកម្ពស់ខាងផ្នែកសន្តិសុខផ្ទៃក្នុង ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និង កសាងកំពង់ផែក្រុងព្រះសីហនុ។

សូមជំរាបថា កម្ពុជា និងសហរដ្ឋអាមេរិក ចាប់ផ្ដើមមានភាពរកាំរកូសជាមួយគ្នានៅដើមឆ្នាំ១៩៦០ រហូតឈានដល់ផ្ដាច់ទំនាក់ទំនងការទូតនៅក្នុងខែឧសភា ឆ្នាំ១៩៦៥។ តែនៅក្នុងខែកក្កដា ឆ្នាំ១៩៦៩ សហរដ្ឋអាមេរិក ចាប់ផ្ដើមមានទំនាក់ទំនងជាថ្មី បន្តរហូតនៅក្នុងរបបសាធារណរដ្ឋខ្មែរ រហូតដល់ឆ្នាំ១៩៧៥។
អាមេរិកបានផ្ដល់ជំនួយជាង ១លានដុល្លារដល់វិស័យកងទ័ព និងផ្ដល់ជំនួយចំនួន ៥០៣លានដុល្លារសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច នៅខណៈកម្ពុជា មានសង្គ្រាមនៅចន្លោះឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥។ ចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ នៅក្នុងរបបខ្មែរក្រហមមិនថា អាមេរិក បានដកទូតចេញពីកម្ពុជា។

កម្ពុជា និងសហរដ្ឋអាមេរិក បានចាប់ផ្ដើមមានទំនាក់ទំនងការទូតជាមួយគ្នាឡើងវិញ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ៧ មករា ឆ្នាំ១៩៧៩ និងក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១៕