(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០នេះ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតី នៅក្នុងពិធីដុតបំផ្លាញគ្រឿងញៀន ដែលបានប្រារព្ធធ្វើឡើង នៅលើទឹកដីខេត្តស្វាយរៀង ដើម្បីចូលរួមអបអរសាទរទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី ២៦ មិថុនា។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ នៃក្រសួងយុត្តិធម៌, លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង, លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស, នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ, ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តទាំង៣, តំណាងរដ្ឋបាលខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង, ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋសរុបប្រមាណជាង៣៥០នាក់។

យោងតាមរបាយការណ៍របស់ លោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង និងជាតំណាងសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តចំនួន ៣ ទៀត គឺកំពង់ចាម ត្បូងឃ្មុំ និងព្រៃវែង បានបញ្ជាក់ថា គ្រឿងញៀនដែលបានដុតបំផ្លាញ នៅក្នុងពិធីនេះ មានចំនួន៣៦,៨៣៤.២៩ក្រាម ដែលក្នុងនោះរួមមាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ៣៤,១៥៥.៣៩ ក្រាម, ប្រភេទមេតំហ្វេតាមីន (WY) ជាគ្រាប់ចំនួន២៩គ្រាប់ និងជាម្សៅទម្ងន់២.៥០ក្រាម, ប្រភេទអ៊ិចស្តាស៊ីល ទម្ងន់៧៦៥.០៦ក្រាម និងកញ្ឆាក្រៀម ព្រមទាំងសារធាតុគីមីផ្សំទម្ងន់២,២៧៧.៨៥ក្រាម ដែលបានមកពីការបង្រ្កាប ក្នុងយុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងញៀន រយៈពេលពេញមួយឆ្នាំ ក្នុងភូមិសាស្ត្រខេត្តចំនួន៤ គឺ ខេត្តស្វាយរៀង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំខេត្ត ប្រធានសាលាដំបូង ព្រះរាជអាជ្ញា មន្ត្រីតុលាការ មន្ត្រីនគរបាលយុតិ្តធម៌ របស់ខេត្តទាំង៤ ក៏ដូចជាស្ថាប័នអនុវត្តច្បាប់និងតួអង្គពាក់ព័ន្ធទាំងអស់ ដែលបានខិតខំសហការ ពុះពារយ៉ាងសកម្មក្នុងការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋានរបស់ខ្លួន ឲ្យទទួលបានជោគជ័យជាបន្តបន្ទាប់ នាពេលកន្លងមក។

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្រ្តី ក៏បានក្រើនរំលឹកដល់មន្រ្តីអនុវត្តច្បាប់ និងអ្នកពាក់ព័ន្ធទាំងអស់ ឲ្យប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ និងដើម្បីជាឧត្តមប្រយោជន៍ ដល់សង្គមជាតិយើងទាំងមូល។

បន្ថែមពីនេះទៀត លោករដ្ឋមន្រ្តី បានរំលឹកជូនអង្គពិធីនូវខ្លឹមសារ នៃសារលិខិតមួយច្បាប់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ផ្ញើជូនជនរួមជាតិ នៅក្នុងឱកាស នៃការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នៅកម្ពុជា ដែលក្នុងនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «អ្នកញៀនគ្រឿងញៀនដែលជាជនរងគ្រោះពិតប្រាកដ ត្រូវបានយកចិត្តទុកដាក់ ដោះស្រាយ និងជួយសង្គ្រោះឲ្យបានសមស្រប ប៉ុន្តែឧក្រិដ្ឋជន និងជនលើ្មសពាក់ព័ន្ធ នឹងការផលិត ការកែច្នៃ ការរក្សាទុក ការជួញដូរ និងការចរាចរគ្រឿងញៀនខុសច្បាប់ គឺត្រូវតែបានផ្តទ្ទាទោសយ៉ាងតឹងរឹងទៅតាមនីតិវិធីនៃច្បាប់»។

គួរបញ្ជាក់ផងដែរថា យុទ្ធនាការប្រយុទ្ធប្រឆំាងគ្រឿងញៀនខុសច្បាប់ ត្រូវបានរាជរដ្ឋាភិបាល ប្រកាសដាក់ចេញជាលើកដំបូង នៅឆ្នាំ២០១៧ និងត្រូវបានអនុវត្តប្រកប ដោយលទ្ធផលជោគជ័យ និងទទួលបានការសាទរពីគ្រប់មជ្ឈដ្ឋាន ហើយមកដល់បច្ចុប្បន្ន យុទ្ធនាការដ៏មានសារៈសំខាន់នេះ ត្រូវបានអនុវត្តជាបន្តបន្ទាប់ បានចំនួន ៥លើករួចមកហើយ។

គិតត្រឹមរយៈពេល៨ខែ ដើមឆ្នាំ២០២០នេះ មានបទល្មើសគ្រឿងញៀន សរុបចំនួន៣២,២០៥ ករណីត្រូវបានបង្រ្កាប ក្នុងនោះ ជនសង្ស័យចំនួនជាង៦ម៉ឺន៧ពាន់នាក់ ត្រូវបានឃាត់ខ្លួន និងគ្រឿងញៀនគ្រប់ប្រភេទសរុបជាង ២,៣០០ គីឡូក្រាម ត្រូវបានដកហូត៕