(បាត់ដំបង)៖ នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ នៅសាលាខេត្តបាត់ដំបង លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងសម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំដើម្បីសម្របសម្រួលការងារបោសសម្អាតមីនសម្រាប់ខេត្តចំនួន៧ ដែលរងផលប៉ះពាល់ខ្ពស់ដោយសារមីន រួមមាន៖ ខេត្តព្រះវិហារ ឧត្ដរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ និងខេត្តកោះកុង ដើម្បីតម្រង់ទិស និងពង្រឹងយន្តការការរៀបចំផែនបោសសម្អាតមីន ឲ្យបានចំគោលដៅអាទិភាព តាមតម្រូវការរបស់សហគមន៍ និងការងារអភិវឌ្ឍន៍។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំអាជ្ញាធរមីន ប្រធានភីម៉ាក់ និងប្រធានម៉ាពូ ខេត្តទាំង៧ តំណាងទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការមីន និងគ្រាប់មិនទាន់ផ្ទុះ និងការងារវិស្វកម្មកងយោធពលខេមរភូមិន្ទ តំណាងកងទ័ពជើងគោក និងតំណាងយោធាយោធភូមិភាគ៣ ភូមិភាគ៤ ភូមិភាគ៥។

លោក ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន បានលើកឡើងអំពីការបំពេញកាតព្វកិច្ចរបស់កម្ពុជា ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ទិន្នន័យសំណល់ជាតិផ្ទុះពីសង្គ្រាមដែលនៅសេសសល់ លើទឹកដីកម្ពុជា និងយន្តការក្នុងការកសាងផែនការបោសសម្អាតមីន ដើម្បីកម្ពុជាអាចសម្រេចបាននូវគោលដៅ កម្ពុជាមួយដែលគ្មានមីននៅត្រឹមឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្រ្តជាតិ សកម្មភាពមីន ២០១៨-២០២៥។

ក្នុងនាម សម្តេចតេជោ ប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសរដ្ឋបាលខេត្តដែលមានភីម៉ាក់ និងម៉ាពូជាអ្នកអនុវត្តការងារដោយផ្ទាល់។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា យើងទាំងអស់មានការប្តេជ្ញាចិត្តរួម និងគោលដៅរួម ក្នុងការចូលរួមចំណែកក្នុងកិច្ចគាំពារសុខសន្តិភាព ផ្តល់សុវត្ថិភាព និងជម្រុញកំណើនសេដ្ឋកិច្ចជូន ប្រទេសជាតិ និងប្រជាជន តាមរយៈការងារបោសសម្អាតមីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះឲ្យអស់ចេញពីទឹកដីកម្ពុជា។

លោកបន្តទៀតថា គោលបំណងរបស់សម្តេចតេជោ គឺប្រែក្លាយតំបន់មានមីនទៅជាតំបន់មានសុវត្ថិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

លោកទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្រច្បាស់លាស់ ក្នុងការបញ្ចប់ការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពី សង្គ្រាមនៅកម្ពុជា ដែលការងារបោសសម្អាតនេះ ត្រូវការនូវធនធានមនុស្ស សម្ភារ និងថវិកាជាច្រើន ទើបជំរុញការបោសសម្អាតបានរួចរាល់តាមផែនការកំណត់នៅឆ្នាំ២០២៥។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី បានអំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តការចូលរួមផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការសកម្មភាពមីនខេត្ត និងក្រុមការងារម៉ាពូ ក្នុងការជ្រើសរើសចម្ការមីនអាទិភាព ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ច ដែលការជ្រើសរើសនេះ ត្រូវមានការវាយតម្លៃឲ្យបានសុក្រឹត និងច្បាស់លាស់ ព្រមទាំងមានការឯកភាពជាមុនពីគ្រប់អាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធ៕