(ភ្នំពេញ)៖ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) បានទទួលនិស្សិតប្រុសស្រី ចំនួន១១ រូប មកពីសាកលវិទ្យាល័យ ស្រ៊ីណាខារីនវីរ៉ូត (SWU) នៃព្រះរាជាណាចក្រថៃ ឲ្យមកសិក្សាក្នុងរយៈពេល១ឆមាស ពោលពីថ្ងៃទី២៥ ខែមករា ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ ដើម្បីផ្លាស់ប្ដូរបទពិសោធ និងជំនាញរវាងគ្នានឹងគ្នា និងមុខវិជ្ជាមួយចំនួនទៀត ដែលនិស្សិតថៃ ចង់សិក្សាស្វែងយល់ ពីប្រទេសកម្ពុជា ជាពិសេសពីសាកលវិទ្យាល័យ PPIU តែម្ដង ។

ពិធីប្រកាស ទទួលនិស្សិតមកពី​សាកលវិទ្យាល័យ ស្រ៊ីណាខារីនវីរ៉ូត ចំនួន១១ រូបនេះ ត្រូវបានធ្វើឡើង នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ ២០១៦នេះ នៅសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោកស្រី ទេព កុលាប សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ សាស្រ្តាចារ្យ និងនិស្សិត ជាច្រើននាក់ទៀត ។

លោកស្រី ទេព កុលាប សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ បានថ្លែងបញ្ជាក់ថា ក្នុងនាមជាគណៈគ្រប់គ្រង សាកលវិទ្យាល័យ ពិតជាមានក្ដីរំភើបរីករាយ ដែលមាននិស្សិតមកពីប្រទេសក្រៅ ចង់មកសិក្សាផ្លាស់ប្ដូរ បទពិសោធគ្នាជាមួយនឹង និស្សិតរបស់កម្ពុជាយើងនៅទីនេះ ។ សាកលវិទ្យល័យភ្នំពេញអន្តរជាតិ បានសហការជាមួយនឹង សាកលវិទ្យាល័យ ​ស្រ៊ីណាខារីនវីរ៉ូត (SWU) នៃប្រទេសថៃ ដើម្បីឲ្យនិស្សិតមកសិក្សា ក្នុងបវេសនកាលថ្មី រយៈពេល១ឆមាស ហើយយើងរៀបចំកម្មវិធីនេះ គឺដើម្បីជាកិច្ចស្វាគមន៍ និងផ្ដល់ភាពកក់ក្ដៅ ដល់និស្សិតថៃ ដែលបានមកស្វែងយល់ និងសិក្សានៅ PPIU ។

លោកស្រីបានបន្ដឲ្យដឹងទៀតថា ចាប់ពីថ្ងៃទី២៥ មករា ដល់ថ្ងៃទី២៥ឧសភា ឆ្នាំ២០១៦នេះ និស្សិតទាំង១១រូបមកពីប្រទេសថៃ និងសិក្សាមុខវិជ្ជាមួយចំនួនដូចជា រដ្ឋបាលសាធារណៈ សិក្សាពីវប្បធម និងទំនៀមទម្លាប់ ទេសចរណ៍ ការគ្រប់គ្រងសណ្ឋាគារ ដែលសរុបមានចំនួន១៦ក្រេឌីត ក្នុង១ឆមាស ក្នុងកម្មវិធីផ្លាស់ប្ដូរការសិក្សា ( Academic Exchange Program ) ដែល PPIU តែងរៀបចំជារៀងរាល់ឆ្នាំ ។

លោកស្រីបានគូសបញ្ជាក់ទៀតថា ក្នុងការផ្លាស់ប្ដូរបទពិសោធសិក្សា វប្បធម៌ និងភាសា ជាពិសេសក្នុងការរៀបចំ និស្សិតក្នុងដំណើរជីវិត រស់នៅក្នុងសហគមន៍អាស៊ាននេះ PPIU និងសាកលវិទ្យសល័យ ជាដៃគូទាំងអស់ ជាពិសេសដៃគូក្នុងតំបន់បានមើលឃើញយ៉ាងច្បាស់ ពីសារៈសំខាន់ ក្នុងការផ្លាស់ប្ដូរកម្មវិធីសិក្សានានារបស់និស្សិត ។ នេះជាលើកទី២ហើយ ដែលPPIU ទទួលនិស្សិតមកពីសាកលវិទ្យល័យ SWU ជំនាញភាសាខ្មែរមកសិក្សានៅ PPIU រយៈពេល១ឆមាស ។ និស្សិតទាំង១១រូបនេះ នឹងទទួលបានក្រេឌីត ពីPPIU ហើយទទួលស្គាល់ដោយ SWU ពោលនិស្សិតត្រូវបានទទួលការផ្ទេរក្រេឌីត នៅពេលដែលពួកគេត្រឡប់ ទៅកាន់ប្រទេសថៃវិញ ។

សូមបញ្ជាក់ថា កាលពីចុងឆ្នាំ២០១៥កន្លងទៅ PPIU បានទទួលនិស្សិតចំនួន៤ នាក់ឲ្យមកសិក្សា១ឆមាស ហើយនិស្សិតទាំង៤នាក់នោះ មានការកោតសរសើរ យ៉ាងខ្លាំង​ពីគុណភាពសិក្សា សេវាកម្ម និងភាពកក់ក្ដៅ ដែលសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ គណៈគ្រប់គ្រង បុគ្គលិក បានផ្ដល់ដល់ពួកគេ ។ ជាលទ្ធផលជាក់ស្ដែង ឆ្នាំនេះ យើងទទួលបាននិស្សិត ចុះឈ្មោះក្នុងកម្មវិធី ផ្លាស់ប្ដូរការសិក្សាមានចំនួន១១នាក់ គឺកើនឡើងទ្វេដង ។ PPIU ក៏ធ្លាប់បានបញ្ជូននិស្សិត ទៅសិក្សានៅសាកលវិទ្យាល័យជាដៃគូ ក្នុងកម្មវិធីផ្លាស់ប្ដូរការសិក្សា ( Academic Exchange Program ) នៅក្រៅប្រទេស កាលពីពេលថ្មីៗកន្លងមកនេះ ផងដែរ៕