(ភ្នំពេញ)៖ នៅម៉ោងប្រមាណ៧យប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នេះ គណបក្សសង្គ្រោះជាតិ នៅរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសជាផ្លូវការរបស់ខ្លួនថា គណបក្សពុំមានគោលការណ៍ និងផែនការឲ្យសមាជិក-សមាជិកា និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា រៀបចំធ្វើបាតុកម្មប្រឆាំងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅខាងកុម្ភៈខាងមុខនេះ។

ការចេញសេចក្តីប្រកាសនេះ ធ្វើឡើងបន្ទាប់ពីមានការកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្ស នរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នេះ។

ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីមានការជូនដំណឹងតាម Facebook របស់អ្នកគាំទ្រគណបក្សសង្រ្គោះជាតិ នៅសហរដ្ឋអាមេរិក អំពីគម្រោងការណ៍ធ្វើបាតុកម្មប្រឆាំង សម្តេចតេជោ ហ៊ុន សែន នៅពេលទៅចូលរួមកិច្ចប្រជុំ អាមេរិក-អាស៊ាន នៅពាក់កណ្តាល ខែកុម្ភៈ ឆ្នាំ២០១៦ ខាងមុខនេះ ហើយសម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបវិញដោយព្រមានថា ក៏នឹងបាតុកម្មមួយនៅប្រទេសកម្ពុជា ដើម្បីប្រឆាំងមេដឹកនាំ គណបក្សប្រឆាំងវិញដូចគ្នា។

សូមជំរាបថា នៅរសៀលថ្ងៃមិញនេះ គណៈកម្មាធិការគាំទ្រ គណបក្សសង្រ្គោះជាតិ នៅរដ្ឋកាលីហ្វ័រញ៉ា ភាគខាងត្បូង (សហរដ្ឋអាមេរិក) ក៏បានប្រកាសផងដែឬថា ពួកគេមិនមានគម្រោងធ្វើបាតុកម្មប្រឆាំង សម្តេចតេជោ ហ៊ុន សែន ក្នុងពេលទស្សនកិច្ចនៅកាលីហ្វ័រញ៉ា នៅខែកុម្ភៈខាងមុខនេះនោះទេ។