(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ សមត្ថកិច្ចរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហាញមុខយុវជន ប្រើប្រាស់គ្រឿងញៀន៣៩នាក់ និងបញ្ជូនក្រុមចោរលួចគាស់ផ្ទះយ៉ាងសកម្មចំនួន០៥នាក់ទៅតុលាការ។

សមត្ថកិច្ចជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថា យុវជនញៀនថ្នាំ ៣៩នាក់ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីយប់ម៉ោង២១៖០០នាទីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ខណៈដែលពួកគេនាំគ្នាចូលទៅសម្ងំជក់គ្រឿងញៀន ក្នុងតំបន់នោះ ហើយយុវជនទាំងនោះ គឺសុទ្ធតែមានអាយុចន្លោះពី១៦ ទៅ៣០ឆ្នាំ។

សមត្ថកិច្ចកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបន្តទៀតថា កន្លងមកក្នុងតំបន់ត្រពាំងឈូកនេះ គឺសមត្ថកិច្ចបានចុះបង្រ្កាបជាញឹកញាប់ និងឃាត់ខ្លួនអ្នកលក់ និងអ្នកជក់គ្រឿងញៀនរាប់រយនាក់មកហើយ តែដោយតំបន់នេះជាតំបន់អាណាធិបតេយ្យ ព្រមទាំងមានភូមិសាស្ត្រស្មុគ្រស្មាញ ទើបធ្វើឲ្យយុវជនញៀនថ្នាំ ទាំងនោះ ចេះតែចូលទៅប្រមូលផ្តុំគ្នា ជក់គ្រឿងញៀន ដោយខ្លាចក្រែងអ្វីឡើយ។

បច្ចុប្បន្នយុវជនទាំង៣៩នាក់ កំពុងត្រូវសមត្ថកិច្ចសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ទន្ទឹមគ្នានោះដែរ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នេះ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបង្ក្រាប បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូន ក្រុមចោរដើរលួច និងគាស់ផ្ទះយកសម្ភារៈយ៉ាងសកម្ម០៥នាក់ ទៅតុលាការផងដែរ បន្ទាប់ពីក្រុមនេះបានលួចគាស់ផ្ទះមន្ត្រីយោធា ម្នាក់ស្ថិតនៅផ្ទះលេខ491A ផ្លូវលំ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ ដោយយកបានកាំភ្លើងខ្លី០១ដើម ទូរស័ព្ទ iPhone6 មួយគ្រឿង ហើយត្រូវសមត្ថកិច្ចជំនាញរបស់ ការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការណ៍ជាមួយ មូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនបានជាបន្តបន្ទាប់នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួលភូមិឬស្សី សង្កាត់ស្ទឹងមាន ជ័យ ខណ្ឌមានជ័យ ព្រមទាំងចាប់យកវត្ថុតាងដែលពួកគេបានលួច ប្រគល់ជូនម្ចាស់ដើមវិញ។ តាមចម្លើយសារភាពរបស់ពួកគេបានឲ្យដឹងថា កន្លងមកពួកគេគឺដើរលួច និងគាស់ផ្ទះជាច្រើនដងផងដែរ៕