(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានជួបប្រជុំតាមយៈវីដេអូជាមួយលោក Taha Macpherson ឯកអគ្គរដ្ឋទូតណូវែលហ្សឺឡង់ ប្រចាំនៅកម្ពុជា ថៃ និងឡាវ ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ ស្តីពីការចូលរួមចំណែកការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា របស់ប្រទេសណូវែលហ្សឺឡង់។

ក្នុងនាម សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល និងប្រជាជនណូវែលហ្សឺឡង់ ដែលបានសម្រេចចិត្ត ចូលរួមគាំទ្រដល់ការបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ដោយបានផ្តល់នូវថវិកាប្រមាណ ៣.៨លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២០-២០២៤ តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដែលជំនួយនេះ នឹងជួយផ្តល់ដីសុវត្ថិភាពប្រមាណជាង ១០គីឡូម៉ែត្រក្រឡា ជូនដល់ប្រជាពលរដ្ឋមូលដ្ឋានរាប់ពាន់គ្រួសារ។

លោកទេសរដ្ឋមន្រ្តី បានសន្យានឹងប្រើប្រាស់ថវិកាទាំងនេះ ឲ្យចំគោលដៅ ត្រឹមត្រូវ និងមានតម្លាភាព ព្រមទាំងបានអញ្ជើញឯកអគ្គរដ្ឋទូត ចុះពិនិត្យចម្ការមីន និងជួបសំណេះសំណាលជាមួយអ្នក ទទួលផលដោយផ្ទាល់ ក្នុងពេលវេលាសមស្របណាមួយ នាពេលខាងមុខ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី ក៏បានជម្រាបប្រាប់ដល់ឯកអគ្គរដ្ឋទូតណូវែលហ្សឺឡង់ អំពីការបំពេញកាតព្វកិច្ចរបស់កម្ពុជា ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ការរៀបចំនូវផែនការយុទ្ធសាស្រ្ត ជាតិសកម្មភាព ២០១៨-២០២៥ វឌ្ឍនភាពនៃវិស័យសកម្មភាពមីននៅកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងផ្សេងៗទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ចប់វត្តមានគ្រាប់មីននៅកម្ពុជាឆ្នាំ២០២៥។

លោក Taha Macpherson ឯកអគ្គរដ្ឋទូតណូវែលហ្សឺឡង់ បានសេចក្តីសប្បាយរីករាយ ដែលចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងមានប្រសាសន៍ដូចខាងក្រោម៖

*ទី១៖ អបអរសាទរចំពោះទំនាក់ទំនងការទូត កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយ៉ាងជិតស្និទ្ធ រវាងកម្ពុជា និងណូវែលហ្សឺឡង់។
*ទី២៖ កោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលជម្ងឺកូវីដ-១៩ បានជោគជ័យ។
*ទី៣៖ រាជរដ្ឋាភិបាលណូវែលហ្សឺឡង់ មានសេចក្ដីសប្បាយរីករាយ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាតមីននៅកម្ពុជា និងប្តេជ្ញាបន្តជួយដល់កម្ពុជាឲ្យសម្រចបាននូវគោលដៅគ្មានមីនឆ្នាំ២០២៥ ខាងមុខនេះ។
*ទី៤៖ ឯកអគ្គរដ្ឋទូតគ្រោងនឹងទស្សនកិច្ចប្រទេសកម្ពុជា បន្ទាប់ពីបញ្ចប់ការរីករាលដាលជម្ងឺកូវីដ-១៩ ព្រមទាំងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ថវិកាសម្រាប់ បោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា៕