(ភ្នំពេញ)៖ សម្រាប់ឆ្នាំ២០១៦ គណៈកម្មាធិការរៀបចំអង្គរសង្រ្គាន្ដ បានផ្ដួចផ្ដើមកម្មវិធីថ្មីមួយដោយរៀបចំកម្មវិធីប្រកួងប្រជែង គូររូបស្វាជានិមិត្ដរូប និងតែងនិពន្ធពាក្យស្លោក នៅពេលនេះ បានស្វែងរកឃើញ បេក្ខជន២រូបប្រកបដោយភាពច្នៃប្រឌិតខ្ពស់ លើផ្នែកគូរ រូប ស្វានិមិត្ដនិងពាក្យស្លោក នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ។

បេក្ខជនពីររូបដែលបានទទួលនូវជ័យលាភី រួមមាន ទីមួយ ជ័យលាភីលេខ១ លើស្នាដៃគំនូរស្វាជានិមិត្តរូប បានលើយុវជនមកពីខេត្តកំពង់ចាម ជ្រិន ជ័យស័ក្ដ និស្សិតឆ្នាំទី១ ផ្នែកស្ថាបត្យកម្ម នៃសាកលវិទ្យាល័យភ្នំពេញវិចិត្រសិល្បៈ ដែលលោក បេក្ខជនរូបនេះ បានចំណាយពេលជាង ១សប្ដាហ៍ ទើបសម្រេចបានរូបស្វាដ៏ប្រណិតមួយនេះ តាមលក្ខខណ្ឌរបស់កម្មវិធីប្រកួតនេះ។
បេក្ខជនឆ្នើមមួយរូបនេះឲ្យដឹងថា «ដោយសារតែមានការជ្រោមជ្រែងយ៉ាងខ្លាំងពីមិត្ដភក្រ័បានជួយជំរុញទេទឹកចិត្ដខ្ញុំបានខ្ពស់ក្នុងការគូរ ព្រោះខ្ញុំរវល់កិច្ចរៀនសូត្រច្រើនពេក»

ទីពីរ ជ័យលាភីលើស្នាដៃ ពាក្យស្លោក ឈ្មោះ កញ្ញា យឹម ចាន់វិនីតា និស្សិតថ្នាក់អនុបណ្ឌិត នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ជាប់លេខ១ លើស្នាដៃតែងនិពន្ធពាក្យស្លោក «អង្គរសង្ក្រាន្ត ប្រៀបបានដូចពេជ្រ ចែងចាំងរំលេច ស្ទួយវប្បធម៌ខ្មែរ»

កញ្ញា បានឲ្យដឹងថា មូលហេតុដែលខ្ញុំលើកពាក្យស្លោកនេះ ដោយសារតែ «អង្គរសង្ក្រាន្ត ប្រៀបបានដូចពេជ្រ មានន័យថា សង្ក្រាន្ត បានបង្ហាញមរតកខ្មែរជាច្រើន ហើយបង្ហាញដល់ភ្ញៀវ​ជាតិអន្តរជាតិថា ខ្មែរយើងពិតជាជាមាននូវសុខសន្តិភាព និងរួបរួមសាមគ្គីភាពគ្នា ទើបយើងទទួលបានព្រឹត្តិការណ៍អង្គរសង្ក្រាន្តកើយឡើង រហូតយើងទទួលបានកំណត់ត្រាពិភពលោក»

គួរបញ្ជាក់ថា កម្មវិធីនេះបានចាប់ផ្ដើមទទួលពាក្យក្រកួត និងស្នាដៃចាប់ពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១៥ ខែ មករា ឆ្នាំ២០១៦ ទៅកាន់សាកលវិទ្យាល័យចំនួន១០ នៅរាជធានីភ្នំពេញ និងតាមគេហទំព័រទំនាក់ទំនង សង្គមហេ្វសប៊ុក របស់ព្រឹត្ដិការណ៍អង្គរសង្រ្គាន្ដ។

លក្ខណខណ្ឌរួមមាន, រូបស្វាជានិមិត្តរូប៖
១. រូបស្វាជានិមិត្តរូបត្រូវមានរចនាបទខ្មែរ គូរដោយប្រើខ្មៅដៃ ឬកុំព្យូទ័រ
២. ត្រូវបង្ហាញនូវឫទ្ធានុភាព ថាមពល ការគោរព ភាពស្មោះត្រង់ ភាពឆ្លាតវៃ និងភាពក្រមិចក្រមើម
៣. ជាស្នាដៃមិនចម្លងពីបុគ្គល ឬស្ថាប័នណាមួយឡើយ
៤. រូបត្រូវមានកម្ពស់ពី ១៥០ មិល្លីម៉ែត្រទៅ ២០០ មិល្លីម៉ែត្រ

ពាក្យស្លោក៖១. ពាក្យស្លោកត្រូវបង្កប់អត្ថន័យដែលទាក់ទងនឹងព្រឹត្តិការណ៍អង្គរ សង្ក្រាន្ត ឬបុណ្យចូលឆ្នាំខ្មែរ ដូចជាការរួមនិងជួបជុំមហាគ្រួសារខ្មែរ តួនាទីយុវជនក្នុងការថែរក្សានិងអភិវឌ្ឍវប្បធម៌ខ្មែរ ដែលមានលក្ខណៈគួរឱ្យចាប់អារម្មណ៍។
២. ជាពាក្យស្លោកខ្លី ចន្លោះពី ៥ ទៅ ២០ ពាក្យ
៣. ត្រូវភ្ជាប់កថាខណ្ឌខ្លីមួយប្រកបដោយអត្ថន័យពាក្យស្លោក៕