(ព្រះសីហនុ)៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិចិន ក្នុងករណីលួចមានស្ថានទម្ងន់ទោស (ហិង្សាប្រើកាំបិតចុងស្រួចគំរាមប្លន់) យកលុយចំនួន ៦០០០ដុល្លារ នៅចំណុចក្នុងបន្ទប់លេខ៨២២៣ សណ្ឋាគារ ស៊ីទូហាយកាង ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ១២.០០នាទីថ្ងៃត្រង់។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះថា ជនរងគ្រោះមានឈ្មោះ Huang Jie ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះជួល សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ មុខរបរបុគ្គលិកសណ្ឋាគារផ្នែកម៉ាស្សា។ ដោយជនសង្ស័យឈ្មោះ Xie Mohai ភេទប្រុស ជនជាតិចិន អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ និងស្នាក់នៅមិនពិតប្រាកដ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្រោយពីការសាកសួរ ជនសង្ស័យបានសារភាពថា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ខ្លួនពិតជាបានទូរសព្ទ័ហៅជនរងគ្រោះឲ្យទៅម៉ាស្សានៅសណ្ឋាគារ ស៊ីទូហាយកាង រួចធ្វើសកម្មភាពយកកាំបិតចុងស្រួចភ្ជង់គំរាមប្លន់យកលុយចំនួន ៦០០០ដុល្លារ ប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី៕