(ស្វាយរៀង)៖ មានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម ខណៈមានក្មេងឃ្វាលក្របី ប្រទះឃើញសពអណ្ដែតទឹកប្រឡាយ និងរាយកាណ៍មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗ មកពិនិត្យខ្លាចជារឿងឃាដកម្ម។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ស្ថិតខាងក្រោយឡឥដ្ឋ ក្នុងភូមិថ្នល់កែង ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុក បានឲ្យដឹងថា បុរសខាងលើ មានឈ្មោះ ជ័យ សុខេន អាយុ៥០ឆ្នាំ មុខរបរបើករថយន្តដឹកដី មានទីលំនៅភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

បើតាមអ្នកភូមិ បានឲ្យដឹងថា នៅមុនកើតហេតុឃើញបុរសម្នាក់ ចុះមុជទឹកប្រឡាយ ប៉ុន្តែម្នាក់ៗមិនបានចាប់អារម្មណ៍នោះទេ ក្រោយមកនៅវេលាម៉ោង៨ព្រឹក ទើបមានការភ្ញាក់ផ្អើល ដោយសារក្មេងឃ្វាលគោក្របី ប្រទះឃើញសពអណ្ដែតទឹក និងរាយការណ៍ដល់សមត្ថកិច្ចតែម្ដង។

តាមការពិនិត្យសាកសព របស់សមត្ថកិច្ចនគរបាលជំនាញស្រុក និងគ្រូពេទ្យបង្អែកស្រុកជនរងគ្រោះ ពិតជាស្លាប់ដោយរអឹលជើងធ្លាក់ចូល ទឹកប្រឡាយប្រាកដមែន មិនមានស្លាកស្នាមអ្វីសម្គាល់ ជារឿងឃាដកម្មនោះទេ។

ក្រោយពិនិត្យសពរួច សមត្ថកិច្ចនគរបាលជំនាញ បានប្រគល់ទៅឲ្យក្រុមគ្រួសារ យកមកធ្វើបុណ្យតាមប្រពៃណី៕